ខ្សែប្រយុទ្ធ Anthony Martial បាននិយាយថារូបគេនឹងត្រលប់ទៅកាន់ក្រុម Manchester United វិញនៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីកំណើតកូនស្រីរបស់ខ្លួនដោយសង្កត់ន័យថាៈ គ្រួសារគឺជាចំនុចអាទិភាពមុនអ្វីៗទាំងអស់ ខ្ញុំសូមអភ័យទោសក្រុម។ អរគុណព្រះជាម្ចាស់ ម្តាយរបស់ក្មេងស្រីគាត់លំបាកបន្តិចហើយ ប៉ុន្តែព្រះនាងតូចមិនអីទេ។ កីឡាករ Martial ២២ឆ្នាំបានចាកចេញពីក្រុម Man.United ក្នុងដំណើរទស្សនកិច្ចប្រកួតត្រៀមមុនបើករដូវកាលរបស់ក្លឹប Man.United នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

ក្រោយមិនសូវមានវត្តមានចូលលេងនៅរដូវកាលមុន Martial មានទំនាក់ទំនងក្នុងការផ្លាស់ចេញឆ្ងាយពីទឹកដី Old Trafford ខណៈមានក្លឹបធំៗមួយចំនួន បានសម្តែងការចាប់អារម្មណ៏ចង់បានស្របពេលដែលលោក Jose Mourinho អ្នកចាត់ការ ទូទៅរបស់ក្រុមបានបង្ហាញឆន្ទៈចង់អោយកីឡាកររូបនេះចាកចេញផងដែរ។ ឪកាសសម្រាប់ចូលលេងជម្រើស ១១នាក់ ដំបូងសម្រាប់ Martial ហាក់មានកំរិតតិចទៅៗក្រោយពីការមកដល់របស់ Alexis Sanchez នៅក្នុងខែមករា ២០១៨។ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ១១គ្រាប់ក្នុងការបង្ហាញខ្លួន ៤៥ដង កាលពីរដូវកាលមុនប៉ុន្តែ រូបគេបរាជ័យក្នុងការជាប់ឈ្មោះបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបារាំង World Cup ២០១៨។

ខ្សែប្រយុទ្ធ Martial បានផ្ទេរពីក្រុម Monaco ជំនាន់អតីតគ្រូបង្វឹកលោក Luis Van Gaal មក Man.United ក្នុងតម្លៃខ្លួន ៣៦លានផោននៅខែកញ្ញាឆ្នាំ ២០១៥ និងមានកិច្ចសន្យាមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្រុម Man United ។
ប្រភព៖ BBC
