យោងគេហទំព័រ The Sun បានចុះផ្សាយថាៈ ប្រធានក្លិបបិសាចក្រហម Manchester United បានកំនត់គោលដៅអាទិភាព និងត្រៀមនាំយកអតីតអ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid លោក Zinedine Zidane មកជាជាអ្នកចាត់ការទូទៅកំពូលរបស់ពួកគេប្រសិនលោក Jose Mourinho ត្រូវចាកចេញពីក្លិបនេះ។

គ្រូបង្វឹកបាល់ទាត់បារាំងលោក Zidane រូបនេះបានចាកចេញពីក្លឹប Real Madrid នៅចុងបញ្ចប់នៃរដូវកាលចុងក្រោយមុននេះជាមួយការដឹកនាំក្រុមឈ្នះពាន La Liga និងពានរង្វាន់កំពូលអឺរ៉ុប Champions League ចំនួន​ បីដងចុងក្រោយជាប់គ្នា។ នៅខណៈនោះផងដែរលោក Mourinho កំពុងស្ថិតក្រោមការសម្ពាធ និងជួបប្រទះបញ្ហាមួយចំនួនដូចជាមិនអាចនាំយកកីឡាករដែលរូបលោកចង់បានមករួមក្រុម ដើម្បីប្រជែងពានធំៗនៅរដូវកាលនេះ ខណៈក្លឹបម្ចាស់ជើងឯក Premier League ១៣សម័យមួយនេះ ទើបតែនាំយកកីឡាករបាន ៣រូបប៉ុណ្ណោះគឺ ១.ខ្សែបម្រើ Fred និង ២.ខ្សែការពារ Diego Dallot ៣.កីឡាករអ្នកចាំទី Lee Grant។

រឺឯការប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិក មុនបើករដូវកាល(Pre-Season) គឺមានការព្រួយបារម្ភថានេះជាការបញ្ចប់នៃរជ្ជកាលរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ។ ខណៈពេលដែលក្លឹប Man Utd មិនសម្លឹងមើលឃើញបេក្ខភាពគ្រូបង្វឹកណាផ្សេងក្រៅពីលោក Zidane ដើម្បីក្លាយជាអ្នកដឹកនាំក្រុមថ្មីប្រសិនលោក Mourinho ដែលមានរហស្សនាមថា Special One ចាកចេញមែននោះ។

ក្រុម Man.United បានបញ្ចប់រដូវកាលមុនដោយគ្មានឈ្នះពានអ្វីសោះស្របពេលការប្រកួតដណ្តើមពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រត្រូវបរាជ័យក្រោមថ្វីជើងក្រុមតោខៀវ Chelsea ទៀត។លោក Jose Mourinho ត្រូវបានរិះគន់ពីអ្នកគាំទ្រ និងមជ្ឈដ្ឋានបាល់ទាត់ក្នុងនាមជាអ្នកវិភាគព្រឹត្តការណ៏ World Cup ២០១៨ ពីការមិនបានដាក់អោយកីឡាករមួយចំនួនចូលរួមប្រកួតដូចជាៈ Paul Pogba កាលពីរដូវកាលមុន រីឯកីឡាករ Lukaku វិញក៏ត្រូវបានលោក Mourinho លើកឡើងថាលេងបានល្អជាង កំលុងពេលលេងនៅក្លឹប Man.United ក្រោយជួយបែលហ្សិកទទួលចំណាត់ថ្នាក់លេខ៣។

លោក Mourinho វ័យ ៥៥ឆ្នាំអាចនឹងត្រូវបង្ខំចិត្តចាប់ផ្តើមរដូវកាលក្របខ័ណ្ឌ Premier League ជាមួយក្រុម Leicester នៅថ្ងៃសុក្រខាងមុខនេះដោយគ្មានកីឡាករឆ្នើមមួយចំនួន ក្រោយពីពួកគេមិនទាន់វិលត្រលប់ពីថ្ងៃឈប់សម្រាកបន្ទាប់ពីព្រឹត្តការណ៏ World Cup ២០១៨ នៅប្រទេសរុស្ស៊ី។

ប្រភព៖ Metro