សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបង្កើនពិន័យព្យួរជុំវិញការប្រើប្រាស់សារធាតុហាមឃាត់ទៅលើអតីតខ្សែបម្រើអន្តរជាតិបារាំង Samir Nasri ពី៦ខែ ទៅ ១៨ខែ កាលពីថ្ងៃពុធ ក្រោយពីការព្យាបាលដោយការចាក់ថ្នាំបញ្ចូលតាមសរសៃឈាមដែលរូបគេបានទទួលនៅឯឃ្លីនិកមួយក្នុងទីក្រុង Los Angeles កាលពីឆ្នាំ២០១៦។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ ដែលបច្ចុប្បន្នមិនមានក្លិបលេងឲ្យនោះ ត្រូវបានដាក់ពិន័យព្យួររយៈពេល ៦ខែ កាលពីខែកុម្ភៈ ក្រោយពីបានប្រើប្រាស់ថ្នាំវីតាមីនជំនួយកម្លាំងជម្រុះ ដែលប្រឆាំងនឹងច្បាប់របស់ភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់របស់ពិភពលោកហៅកាត់ថា WADA។ ការដាក់ពិន័យព្យួរនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ដែលមានន័យថា អតីតខ្សែបម្រើរបស់ក្លិប Manchester City និង Arsenal នឹងត្រូវរួចផុតការពិន័យនៅត្រឹមខែមករា ឆ្នាំក្រោយ។

រូបគេអាចវិលទៅធ្វើការហ្វឹកហាត់វិញជាមួយនឹងក្លិបមួយនៅត្រឹមដើមខែវិច្ឆិកា។ Nasri បានទទួលការព្យាបាលតាមសរសៃ ស្របពេលដែលរូបគេកំពុងតែស្ថិតក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Sevilla នារដូវកាលឆ្នាំ២០១៦-២០១៧ ដែលនាំឲ្យភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់របស់អេស្ប៉ាញ បើកការស៊ើបអង្កេតមួយតែម្តង។ រូបគេបានធ្វើការប្តឹងឧទ្ធរណ៍ទៅកាន់ UEFA ដើម្បីយល់ព្រមចាត់ទុកការព្យាបាល់របស់គេជាករណីលើកលែង ប៉ុន្តែ សំណើរបស់គេត្រូវបានបដិសេធដោយអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុបមួយនេះ៕

សហព័ន្ធកីឡាបាល់ទាត់ UEFA បង្កើនការពិន័យព្យួរជុំវិញសារធាតុហាមឃាត់លើ Nasri ពី ៦ខែ ទៅ ១៨ខែ
អត្ថបទទាក់ទង
