ភ្នាក់ងារបស់ខ្សែប្រយុទ្ធ Fernando Torres បាននិយាយថាខ្សែប្រយុទ្ធវ័យ 33ឆ្នាំរូបនេះ កំពុងគិតពីអនាគតរបស់ខ្លួន ថានឹងត្រូវត្រលប់ទៅលេងនៅក្របខណ្ឌកំពូលអង់គ្លេសវិញក្នុងលក្ខណ្ឌខ្ចីជើង ខណៈដែលក្លឹបពីរគឺ Newcastle និង Southampton ជាជម្រើសគោលដៅយោង Daily Mirror បានចុះផ្សាយ។
ក្រុម Newcastle United ជាក្រុមមួយក្នុងចំណោមក្រុមពីរខាងលើ បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Rafanel Benitez កំពុងក្លាយជាចំណាប់អារម្មណ៏របស់សមាជិកដែលជួយក្រុមជម្រើសជាតិអេស្បាញឈ្នះពាន World Cup 2010 ចង់ចូលរួម ការងារសាជាថ្មីឡើងវិញ ស្របពេលកិច្ចសន្យាជាមួយក្រុម At.Madrid បច្ចុប្បន្ននៅសល់តឹ្រមតែ 18ខែទៀតប៉ុណ្ណោះ ហើយរូបគេចង់ចំណាយពេលលេងអោយអស់ពីសមត្ថភាពសម្រាប់កិច្ចសន្យាដែលនៅសល់ មុនពេលចូលនិវត្តន៏។
Torres ធ្លាប់បានសាងភាពល្បីល្បាញក្រោយផ្ទេរពី At.Madrid ទៅលេងនៅហង្សក្រហម Liverpool ចន្លោះឆ្នាំ2007 ដល់ 2011 រកគ្រាប់បាល់បាន 81គ្រាប់ក្នុងចំនោម 142ប្រកួតមុនផ្លាស់ទៅលេងនៅក្រុមតោខៀវ Chelsea នៅចន្លោះឆ្នាំ 2011-2015 ប៉ុន្តែមិនបានជោគជ័យក៏ត្រូវក្លឹប AC.Milan ខ្ចីជើង និង ទិញផ្តាច់ តែនៅតែមិនបានជោគជ័យទៀត ទើបរូបគេសម្រេចចិត្តត្រលប់មកក្លឹបដើមក្នុងលក្ខណ្ឌខ្ចីជើងនាឆ្នាំ2015 រហូតដល់បច្ចុប្បន្ននេះ។ ប៉ុន្តែសំរាប់រដូវកាលថ្មីនៅ La Liga អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្បាញរូបនេះ ទើបតែចូលលេងបាន 2ប្រកួតប៉ុណ្ណោះអោយ Atletico Madrid រដូវកាលនេះ។ ក្រោយការវិលត្រលប់របស់ Diego Costa ពីក្រុម Chelsea វិញ ធ្វើអោយឱកាសជាប់ជាជម្រើសដំបូងរបស់ Torres កាន់តែតិចបំផុត។
នេះជាវីឌីអូបង្ហាញពីគ្រាប់បាល់ដ៏ល្អទាំង 20 របស់ Torres ៖
កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun