ខ្សែបំរើប្រយុទ្ធប្រេស៊ីល Willian បាននិយាយថា គេពិតទទួលបានសំណើពី Barcelona ពិតមែន តែគេតាំងចិត្តនៅជាមួយ Chelsea បន្ត។

កីឡាករវ័យ 29ឆ្នាំរូបនេះបានស្នាក់នៅ Stamford Bridge 5ឆ្នាំហើយតែអនាគតកំពុងស្រពិចស្រពិល នៅពេលទីផ្សារដោះដូរកីឡាករជិតបិទ និងមានពាក្យលិចលឺថា អាចចាកចេញទៅក្លឹបធំក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ និយាយក្រោយ Chelsea លេងចាញ់ Manchester City 2-0 ពាន Community Shield កាលពីថ្ងៃអាទិត្យ Willian ថា គេមានតែពាក្យមួយម៉ាត់ថា ចង់ស្នាក់នៅជាមួយក្លឹបបន្តទៀត លុះត្រាក្លឹបពិតជាចង់លក់គេមែន ហើយក្លឹបតែមួយគត់ដែលបានដាក់សំណើចង់បានគេគឺ Barcelona។ ក្រៅពី Barcelona ត្រូវបានគេដឹងថា Manchester United និង Real Madrid ក៏មានទំនាក់ទំនងជាមួយកីឡាករវ័យ 29ឆ្នាំរូបនេះផងដែរ។

ជាមួយគ្នានោះដែរ Willian ក៏ធ្លាប់បានបង្ហើបប្រាប់សារព័ត៌មាន ESPN ប្រេស៊ីលដែរថា គេចង់លេងក្រោមការដឹករបស់ Jose Mourinho សាជាថ្មី។ គ្រូបង្វឹកថ្មីរបស់ Chelsea លោក Maurizio Sarri គិតមកដល់ពេលនេះទើបតែមានកីឡាករថ្មី ២រូបប៉ុណ្ណោះគឺខ្សែបំរើអ៊ីតាលី Jorginho និងអ្នកចាំទីបម្រុង Robert Green៕
Via: BTV
កីឡាករ Willian តាំងចិត្តនៅជាមួយ Chelsea និងទម្លាយថា Barcelona ពិតជាបានទាក់ទង
អត្ថបទទាក់ទង
