Kepa Arrizabalaga បានក្លាយជាអ្នកចាំទីមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោក កាលពីថ្ងៃពុធ ក្រោយពីបានបំពេញការផ្ទេរក្នុងតម្លៃខ្លួន ៨០លានអឺរ៉ូ (ស្មើនឹង៩២,៩លានដុល្លារអាមេរិក) ពីក្លិប Athletic Bilbao ទៅកាន់ Chelsea ខណៈដែលកីឡាករវ័យក្មេងរបស់អេស្ប៉ាញរូបនេះ បានចុះហត្ថលេខារយៈពេល៧ឆ្នាំដើម្បីជំនួសកន្លែងរបស់ Thibaut Courtois នាកីឡដ្ឋាន Stamford Bridge។

ខ្សែបម្រើអន្តរជាតិក្រូអាស៊ី Mateo Kovacic នឹងចូលរួមជាមួយនឹង Kepa នៅឯក្លិប Chelsea ក្រោយពីរូបគេបានបំពេញការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Real Madrid។ តម្លៃខ្លួនសម្រាប់ Kepa នឹងបំបែកកំណត់ត្រាកាលពីមុនសម្រាប់អ្នកចាំទីម្នាក់ក្នុងតម្លៃខ្លួន៦៦,៩លានផោន (ស្មើនឹង៨៦លានដុល្លារអាមេរិក) ដែលក្លិប Liverpool បានចំណាយទិញអ្នកចាំទីអន្តរជាតិប្រេស៊ីល Alisson ពីក្លិប Roma កាលពីខែមុន។

អ្នកចាំទីអន្តរជាតិអេស្ប៉ាញរូបនេះ អាចនឹងធ្វើការបង្ហាញខ្លួនជាលើកទី១របស់គេក្នុងការប្រកួតបើករដូវកាលនៃក្របខ័ណ្ឌ Premier League នៅលើទឹកដីក្រុម Huddersfield នៅថ្ងៃសៅរ៍នេះ។ Real ដែលនឹងប្រកាសពីការនាំយក Courtois នៅរសៀលថ្ងៃព្រហស្បតិ៍%នេះ ស្ទើរតែបានបំពេញនាំយក Kepa ក្នុងតម្លៃខ្លួន ២០លានអឺរ៉ូ កាលពី៧ខែមុនទៅហើយ។ Kepa បានឲ្យដឹងថា៖ «វាជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់ខ្ញុំ សម្រាប់អាជីពរបស់ខ្ញុំ និងសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ កត្តាជាច្រើនបានទាក់ទាញខ្ញុំមកកាន់ក្លិបនេះ ដូចជាលរាល់ពានដែលក្លិបនេះបានឈ្នះ កីឡាករផ្សេងទៀត ទីក្រុងនេះ និងករ្បខ័ណ្ឌអង់គ្លេស Premier League»៕