​អ្នកចាំទី​ថ្មី​របស់ Real Madrid កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Thibaut Courtios បាន​និយាយ​ថា ទីបំផុត​គេ​បាន​សំរេច​ក្តី​ស្រមៃ​កាលពី​ក្មេង​ហើយ ក្រោយ​ផ្លាស់​ពី Chelsea មកកាន់​ជើងឯក​ទ្វីប​អឺរ៉ុប​បី​សម័យ​ជាប់​គ្នា Real Madrid​។

​​កីឡាករ​វ័យ 26ឆ្នាំ​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ចំពោះ​មុខ​អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន​ក្នុង​ថ្ងៃ​ជាមួយគ្នា​ដែល Chelsea បង្ហាញ​ខ្លួន​អ្នក​ចាំទី​ថ្មី​ថ្លៃ​ជាង​គេ​លើ​លោក​ជំនួស Courtios ដែល​មក​កាន់​ Real Madrid​។ ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​អេ​ស្ប៉ា​ញ Real Madrid បាន​ចំណាយ​លុយ 35លាន​ផោន​ ក្នុង​ការ​នាំ​យក​កីឡាករ​ជម្រើស​ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះមកកាន់ Santiago Bernabeu អម​ជាមួយ​កិច្ចសន្យា 6ឆ្នាំ​។​ ​Thibaut Courtois បាន​បង្ហាញ​ខ្លួន 154ប្រកួត​អោយ Chelsea បន្ទាប់ពី​ផ្ទេរ​មកកាន់ Stamford Bridge នៅ​ឆ្នាំ 2011 រក្សា​ទី​មិន​អោយ​គេ​ស៊ុត​ចូល 58ប្រកួត​។ ក្នុង​រយៈពេល​នោះ​ដែរ Chelsea ក៏បាន​អោយ Courtios ទៅ Atletico Madrid ខ្ចី​ពី​ឆ្នាំ 2011-14​។

​​Courtios បាន​ជួយ Chelsea ឈ្នះ​ជើងឯក Premier League ពីរ​លើក FA Cup និង League Cup​។
​​កាល​នៅ​អេ​ស្ប៉ា​ញ Courtios ក៏​ធ្លាប់​ប្រឈម​ជាមួយ Real Madrid ផង​ដែរពេល Atletico Madrid ចាញ់ Real Madrid វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ 2014 នៅ​ម៉ោង​បន្ថែម 15នាទី​ពីរ​ដង​។​ ប្រកួត​ដំបូង​របស់ Courtios នៅ Real Madrid ទំនងជា​ជួប​ជាមួយ Athletic Bilbao នៅ ពាន UEFA Super Cup ថ្ងៃ​ទី​15 ខែ​សីហា​៕