ខ្សែប្រយុទ្ធលំដាប់អន្តរជាតិរបស់ជប៉ុន Keisuke Honda ត្រូវបានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងឲ្យធ្វើជាអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជា រយៈពេល ២ឆ្នាំ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យ ម្សិលមិញ ហើយការចុះកុងត្រានេះ គឺ Honda បានសម្រេចមកជួយកម្ពុជា ដោយការស្ម័គ្រចិត្ត មិនយកប្រាក់ខែអ្វីទាំងអស់។

កីឡាករវ័យ ៣២ឆ្នាំរបស់ក្រុមជម្រើសជាតិជប៉ុន Honda បាននិយាយក្នុងសន្និសីទកាសែតនោះថា៖ «អ្វីដែលខ្ញុំចង់ជួយបាល់ទាត់កម្ពុជានោះ បានក្លាយជាការពិតហើយ ព្រោះខ្ញុំបានចុះកុងត្រាជាមួយ FFC រួចហើយ ក្នុងការជួយអភិវឌ្ឍបាល់ទាត់កម្ពុជា ហើយនេះជាការស្វាគមន៍ ដែលខ្ញុំមិននឹកស្មានដល់។ ខ្ញុំនឹងក្លាយជាថ្នាក់ដឹកក្រុមជម្រើសជាតិកម្ពុជា តែខ្ញុំប្រហែលជាមិនអាចចុះជាប់ជាមួយក្រុមកម្ពុជាទេ ប៉ុន្តែអ្វីដែលខ្ញុំអាចជួយបាន ខ្ញុំនឹងជួយឲ្យអស់ពីសមត្ថភាព»។

កីឡាករដែលទើបចុះកុងត្រាលេងឲ្យក្លិប Melbourne Victory របស់អូស្ត្រាលី Keisuke Honda នឹងប្រើពេលវេលាសម្រាកដ៏តិចតួចរបស់ខ្លួន ពីការលេងបាល់ទាត់របស់ខ្លួន ក្នុងការជួយក្រុមជម្រើសជាតិកម្ពុជា ដោយការទាក់ទងតាមវីដេអូ conference ជាមួយក្រុមការងាររបស់ខ្លួនមួយក្រុមនៅកម្ពុជា ប៉ុន្តែ Honda មានទិសដៅច្បាស់លាស់ ក្នុងការជួយអភិវឌ្ឍក្រុមកម្ពុជា។

កីឡាកររូបនេះបានបន្តថា៖ «បេសកកម្មរបស់ខ្ញុំ នៅកម្ពុជា គឺខ្ញុំចង់បង្កើតទម្រង់លេងថ្មីមួយសម្រាប់កម្ពុជាឲ្យបានល្អ ដែលធ្វើម៉េចត្រូវចាប់ផ្តើមចេញពីសហព័ន្ធទៅ បន្ទាប់មកឈានទៅកាន់ក្លិប និងក្រុមថ្នាលរបស់កម្ពុជា ផងដែរ។ យើងធ្វើយ៉ាងណា ឲ្យមានទម្រង់លេងបែបស្តង់ដារមួយ សម្រាប់ក្រុមកម្ពុជា ព្រោះការលេងបាល់ បើយើងមិនធ្វើវាឲ្យទៅជាគោលដៅតែមួយទេ គឺបាល់ទាត់ មិនអាចអភិវឌ្ឍបានត្រឹមត្រូវនោះទេ»។

Honda បានបន្ថែមថា៖ «យើងមិនអាចប្រើពេលខ្លី ក្នុងការអភិវឌ្ឍបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជានោះទេ ប៉ុន្តែយើងត្រូវបង្កើតគោលដៅមួយឲ្យច្បាស់លាស់ បន្ទាប់មកយើងត្រូវតែធ្វើវាដោយអត់ធ្មត់ និងពុះពារបំផុត ទើបយើងបានសម្រេច ហើយនេះជាការងាររបស់ខ្ញុំ នៅកម្ពុជា»។

បន្ថែមទៅលើការងារ ក្នុងជួយអភិវឌ្ឍក្រុមជម្រើសជាតិកម្ពុជានេះ Keisuke Honda ក៏សន្យាជួយផ្វព្វផ្សាយពីវប្បធម៌ និងសមិទ្ធផលល្អរបស់កម្ពុជា ឲ្យពិភពលោក បានស្គាល់ផងដែរ។ កីឡាកររូបនេះ បាននិយាងថា៖ «សម្រាប់ការធ្វើដំណើរមកកម្ពុជាលើកនេះ គឺការងាររបស់ខ្ញុំ មិនត្រឹមតែការងារបាល់ទាត់ប៉ុណ្ណោះទេ គឺខ្ញុំចង់ផ្សព្វផ្សាយអ្វីដែលល្អរបស់កម្ពុជា ទៅកាន់ពិភពលោក»។

ខ្សែប្រយុទ្ធ ដែលធ្លាប់បង្ហាញខ្លួននៅ World Cup បាន៣ដង ក្នុងនាមជាជម្រើសជាតិជប៉ុន រូបនេះ បានបន្ថែមថា៖ «ខ្ញុំបានចាប់អារម្មណ៍ច្រើននូវសមិទ្ធផលល្អៗនៅកម្ពុជា ដូចជាវប្បធម៌ប្រពៃណី បេតិកភណ្ឌពិភពលោក និងផ្នែកកសិកម្មជាដើម ហើយខ្ញុំនឹងសិក្សាបន្ថែមទៀត ហើយភាពស្វាហាប់របស់ប្រជាជនកម្ពុជា ក៏ខ្ញុំនឹងយកទៅផ្សព្វផ្សាយឲ្យពិភពលោកបានដឹងផងដែរ»៕