លោក Martin O’Neill អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់ បានជំរុញឲ្យកីឡាកររបស់លោកនឹកដល់ការទទួលជ័យជម្នះក្នុងការប្រកួតវគ្គ Playoff នៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ លើក្រុមជម្រើសជាតិបូស្នី នៅមុនពេលការប្រកួតជម្រុះ World Cup ជាមួយនឹងក្រុមជម្រើសជាតិដាណាម៉ាក រាត្រីនេះ។
ក្រុមជម្រើសជាតិអៀរឡង់ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី១ របស់ពួកគេកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើទឹកដីក្រុមបូស្នី ប៉ុន្តែបានឈានទៅប្រកួតនៅប្រទេសបារាំង ក្រោយពីបានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅ ២-០ ក្នុងការប្រកួតជើងទី២ លើទឹកដីខ្លួនឯង នាកីឡដ្ឋាន Lansdowne Road។ ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ដូចគ្នាក្នុងវគ្គ Playoff កាលពីថ្ងៃសៅរ៍ នៅលើទឹកដីក្រុមដាណឺម៉ាក ក្រុមជម្រើសជាតិអៀរឡង់ ត្រូវតែផ្តួលក្រុមដាណឺម៉ាក នៅរាត្រីនេះ ដើម្បីឈានទៅកាន់ប្រទេសរុស្ស៊ី នាឆ្នាំក្រោយ ហើយលោក O’Neill សង្ឃឹមថា អ្នកគាំទ្រដ៏ច្រើនកុះករក្នុងទីក្រុង Dublin អាចលើកទឹកចិត្តឲ្យក្រុមរបស់លោកដណ្តើមបានជ័យជម្នះមួយផ្សេងទៀតក្នុងវគ្គ Playoff។
លោក O’Neill បានឲ្យដឹងថា៖ «យើងមានបទពិសោធកាលពីរយៈពេល២ឆ្នាំមុន នៅដំណាក់កាលដូចគ្នានេះ។ ថ្ងៃប្រកួតនៅទីក្រុង Dublin ពិតជាការប្រកួតដ៏អស្ចារ្យជាមួយនឹងក្រុមបូស្នី។ ខ្ញុំគិតថា កីឡាករមួយចំនួនអាចរំឭកដល់ការរីករាយនោះ ប៉ុន្តែ ខ្ញុំគិតថា ពួកគេនឹងព្យាយាមបង្កើតបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ»។ លោក O’Neill បានបន្ថែមទៀតថា៖ «អ្នកគាំទ្រពិតជាសំខាន់ណាស់ក្នុងរាល់ការប្រកួតទាំងអស់នាកីឡដ្ឋាននេះ ហើយពួកគេបានផ្តល់ឲ្យយើងនូវការគាំទ្រដ៏អស្ចារ្យ។ យើងនឹងព្យាយាម និងប្រឹងឲ្យខ្លាំងជាងមុន ប្រសិនបើយើងអាច ប៉ុន្តែ យើងត្រូវតែស្វែរកមធ្យោបាយដើម្បីឈ្នះការប្រកួតនេះ»។ ដាណឺម៉ាក ដែលសង្ឃឹមថា នឹងឈានទៅកាន់យុទ្ធនាការធំជាលើកទី១ចាប់តាំងពីឆ្នាំ២០១២នោះ នឹងដាក់ការជឿជាក់លើតារាឆ្នើម Christian Eriksen របស់ក្លិប Tottenham ដើម្បីដឹកនាំក្នុងតំបន់ប្រយុទ្ធ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport
លោក O’Neill ជំរុញឲ្យអៀរឡង់ បង្ហាញពីស្មារតីដូចក្នុង Euro ពេលប៉ះ ដាណឺម៉ាក រាត្រីនេះ
អត្ថបទទាក់ទង