ខ្សែរប្រយុទ្ធ Lionel Messi បាន​សុំ​សម្រាក​ពី​ជម្រើស​ជាតិ​មួយ​រយៈ​ពី​ការ​ប្រកួត​មិត្តភាព​នានា​ ក្រោយ​ធ្លាក់​ចេញ​ពី​ World Cup នៅ​រុស្ស៊ី​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។​

ប្រភព​ព័ត៌មាន​ពី TNT Sports LA អះអាង​ថា​តារា​ឆ្នើម​ក្រុម​ Barcelona នឹង​មិន​លេង​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ឲ្យ​អាហ្សង់ទីន​នោះ​ទេ​ ពោល​គឺ​ផ្ដោត​អារម្មណ៍​លើ​បាល់ទាត់​អាជីព​ប៉ុណ្ណោះ​ តែ​ក៏​មិន​មែន​មាន​ន័យ​ថា​រូប​គេ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ដែរ។​​

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​បាន​និយាយ​ពី​បញ្ហា​នេះ​រួច​រាល់​ហើយ​ជាមួយ​លោក​ Lionel Scaloni គ្រូ​បង្វឹក​បណ្ដោះអាសន្ន​ដែល​ជំនួស​ Sampaoli ដែល​ត្រូវ​សហព័ន្ធ​បញ្ចប់​កុងត្រា។​

Messi ធ្លាប់​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ម្ដង​កាល​ពី​ឆ្នាំ​២០១៦​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជុំវិញ​ពិភពលោក​ក្រោយ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ដង​ជាប់​គ្នា​ទល់​នឹង​ឈីលី​នៅ​ពាន Copa America។ យ៉ាង​ណា​រូប​គេ​សម្រេច​ចិត្ត​លេង​ឲ្យ​អាហ្សង់ទីន​វិញ​ និង​ជួយ​ក្រុម​មាន​កៅអី​ទៅ​ World Cup នៅ​រុស្ស៊ី៕
VIa: Sabay