លោក Jose Mourinho បានទទួលស្គាល់ថា ក្រុម Manchester United បានទទួលផលតបស្នងសម្រាប់ «ការប្រព្រឹត្តកំហុសដ៏មិនគួរឲ្យជឿ» ក្នុងពេលពួកគេបានរងបរាជ័យក្នុងលទ្ធផល ៣-២ នៅលើទឹកដីក្រុម Brighton កាលពីថ្ងៃអាទិត្យ។

ក្រុមរបស់លោក Mourinho មិនបានបង្ហាញពីទម្រង់លេងល្អឡើយ ខណៈដែលក្រុម Brighton បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងចន្លោះពេល ២នាទី ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Glenn Murray និង Shane Duffy នៅពាក់កណ្តាលតង់ទី១។ ខ្សែប្រយុទ្ធ Romelu Lukaku បានវាយបាន ១គ្រាប់វិញ ប៉ុន្តែការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Pascal Gross បានបន្ថែមសម្ពាធទៅលើតំបន់ការពាររបស់ក្រុម Man United និងបានជួយឲ្យក្រុម Brighton នាំមុខដល់ទៅ ៣-១ នៅត្រឹមតង់ទី១។ Man United មិនបានបង្ហាញពីទម្រង់លេងដ៏មុតស្រួចដើម្បីធ្វើការវាយបកវិញឡើយ ហើយគ្រាប់បាល់ប៉េណាល់ទីរបស់ Paul Pogba នៅជិតបញ្ចប់ការប្រកួត បានកើតឡើងយឺតពេលបន្តិចហើយ។

លោក Mourinho ដែលក៏មានការភ្ញាក់ផ្អើលដែរនោះ បានទទួលស្គាល់ថា កីឡាកររបស់ក្រុម Man United ត្រូវតែស្តីបន្ទោសឲ្យខ្លួនឯង សម្រាប់ការបរាជ័យជាលើកទី១ របស់ពួកគេនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ លោក Mourinho បានឲ្យដឹងថា៖ «យើងបានរងនូវការដាក់ទណ្ឌកម្មដោយសារតែកំហុសផ្សេងៗដែលយើងបានធ្វើ។ សម្រាប់ខ្ញុំ នោះគឺជាចំណុចសំខាន់នៃការប្រកួតនេះ។ យើងបានប្រព្រឹត្តកំហុសដ៏មិនគួរឲ្យជឿ ក្នុងដំណាក់កាលដ៏សំខាន់។ កំហុសទាំងនោះបានសម្លាប់យើង»៕