ក្រុម Real Madrid បានចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ La Liga ជាមួយនឹងជ័យជម្នះនៅថ្ងៃបើកឆាក ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Getafe ក្នុងផ្ទះខ្លួនឯង កាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតក្របខ័ណ្ឌលីកជាលើកទី១ របស់ពួកគេ ចាប់តាំងពីការចាកចេញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោកគ្រូបង្វឹក Zinedine Zidane។

ក្រុមម្ចាស់ជើងឯកអឺរ៉ុបមួយនេះ ដណ្តើមបាន ៣ពិន្ទុពេញនាកីឡដ្ឋាន Santiago Bernabeu តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីទី២០ ពីសំណាក់កីឡាករ Dani Carvajal និងខ្សែប្រយុទ្ធ Gareth Bale នៅនាទីទី៥១។ អ្នកចាំទី Keylor Navas បានរក្សាតំណែងរបស់ខ្លួនក្នុងនាមជាអ្នកចាំទីជម្រើសទី១ របស់ក្រុម Real Madrid បើទោះបីបានចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Thibaut Courtois ក៏ដោយ។ អ្នកចាំទីអន្តរជាតិកូស្តារីកា Navas បានក្លាយជាអ្នកចាំទីជម្រើសទី១ ចាប់តាំងពីឆ្នាំ២០១៥ ប៉ុន្តែត្រូវបានរំពឹងទុកថានឹងត្រូវជំនួសដោយ Courtois ដែលបានផ្ទេរមកពីក្លិប Chelsea ក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូ និងបានជាប់ជាអ្នកចាំទីដ៏ឆ្នើមបំផុតប្រចាំយុទ្ធនាការ World Cup ក្នុងរដូវក្តៅនេះ។

លោក Julen Lopetegui ដែលបានចូលជំនួសកន្លែងរបស់លោក Zidane ក្នុងនាមជាគ្រូបង្វឹក ក៏បានជ្រើសរើសយក Nacho ឲ្យលេងក្នុងតំបន់ការពារផងដែរ ដោយមិនជ្រើសរើសយកខ្សែការពារអន្តរជាតិបារាំង Raphael Varane ឡើយ។ Real ដែលបានលេងការប្រកួតក្របខ័ណ្ឌ La Liga ជាលើកទី១របស់ខ្លួន ចាប់តាំងពីការចាកចេញរបស់ Ronaldo ទៅកាន់ Juventus នោះ បានឈានទៅកាន់ការប្រកួតកាលពីថ្ងៃអាទិត្យ ក្រោយពីចាញ់ក្រុម Atletico Madrid ៤-២ ក្នុងពាន UEFA Supercup កាលពីពាក់កណ្តាលសប្តាហ៍មុន៕