ខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានគេចោទថា បានធ្វើពុតជាដួល ខណៈដែលតារាឆ្នើមរបស់ក្លិប Liverpool រូបនេះទទួលបាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស់ ដែលបានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះ ២-០ លើក្រុមនៅសល់សមាជិកត្រឹមតែ ១០នាក់ Crystal Palace កាលពីថ្ងៃចន្ទ។

Salah ត្រូវបានចោទប្រកាន់ទៅលើការធ្វើពុតជាដួលដោយ Crystal Palace នៅពេលដែលរូបគេបានដួលក្នុងប្រអប់គ្រោះថ្នាក់ នៅចុងតង់ទី១ នាកីឡដ្ឋាន Selhurst Park។ លោកអាជ្ញាកណ្តាល Michael Oliver បានផ្តល់បាល់ពិន័យ ១១ម៉ែត្រ សម្រាប់ការប្រជែងដណ្តើមបាល់របស់ខ្សែការពារ Mamadou Sakho ទៅលើខ្សែបម្រើស្លាបអន្តរជាតិអេហ្ស៊ីបរូបនេះ ហើយខ្សែបម្រើ James Milner បានស៊ុតបាល់បំប៉ោងសំណាញ់ទីចូលទីយ៉ាងល្អ។

លោក Gary Neville អតីតខ្សែការពាររបស់ក្លិប Manchester United និងកំពុងតែធ្វើការឲ្យទូរទស្សន៍ Sky Sports បានអះអាងថា វាជាការធ្វើពុតជាដួលយ៉ាងពិតប្រាកដ តាមរយៈការនិយាយថា៖ «មនុស្សជាច្រើននឹងមិនចូលចិត្តលើករណីនេះឡើយ។ ប្រសិនបើវាប្រឆាំងនឹងអ្នក អ្នកនឹងគិតថា វាជារឿងធម្មតា។ វាជាការដួលហួសពីការពិត ដែលយើងបានឃើញកីឡាករជាច្រើនបានធ្វើ»។ ដើម្បីបន្ថែមទៅលើភាពសោកសៅរបស់ក្រុម Crystal Palace កីឡាករ Aaron Wan-Bissaka ត្រូវបានផ្តល់ការពិន័យកាតក្រហមបណ្តេញចេញក្នុងតង់ទី២ សម្រាប់ការទាញឲ្យ Salah ដួល ខណៈដែលរូបគេកំពុងតែបណ្តើរបាល់ដាច់តែឯង។

បន្ទាប់មក ក្រុមរបស់លោក Jurgen Klopp បានធ្វើឲ្យមានសុវត្ថិភាពសម្រាប់ការចាប់ផ្តើមជាមួយនឹងជ័យជម្នះ១០០ភាគរយក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ក្រោយពីខ្សែបម្រើ Sadio Mane រកបានគ្រាប់បាល់ទី២នៅជិតបញ្ចប់ការប្រកួត៕

Salah ត្រូវបានចោទថា ធ្វើជាដួល ខណៈ Liverpool ផ្តួល Crystal Palace
អត្ថបទទាក់ទង
