វីរៈនារីកីឡាការរិនីតេក្វាន់ដូរបស់កម្ពុជា ស៊ន សៀវម៉ី ត្រូវបានគេមើលឃើញថា មានភាគរយខ្ពស់ ក្នុងការយកឈ្នះកីឡាការិនីរបស់ប្រទេសស្រីលង្កា Ranuri Wanthila សម្រាប់ការប្រកួតជម្រុះ១៦នាក់ ក្នុងទម្ងន់៦៧គីឡូក្រាមឡើង នៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (18th Asian Games) នៅប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃអង្គារនេះ ដើម្បីឈានទៅកាន់ការប្រកួតវគ្គ៨នាក់ចុងក្រោយ។

ការមើលឃើញពីភាគរយក្នុងការឈ្នះរបស់ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ ស៊ន សៀវម៉ី ក៏ព្រោះតែ សៀវម៉ី មានប្រៀបលើកីឡាការិនី Ranuri Wanthila ទាំងកម្ពស់ ទម្ងន់ ពិសេសគឺបទពិសោធប្រកួត និងកំណត់ត្រានៃការឈ្នះបានមេដាយ ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ។

ស៊ន សៀវម៉ី មានអាយុ២១ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រ និងមានទម្ងន់ពិត ៧៣គីឡូក្រាម រីឯRanuri Wanthila មានវ័យ២៣ឆ្នាំ កម្ពស់១,៧៤ម៉ែត្រ និងមានទម្ងន់ពិត ៧២គីឡូក្រាម។ ចំពោះបទពិសោធ និងកំណត់ត្រាប្រកួតវិញ Ranuri មិនធ្លាប់ដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិផ្លូវការណាមួយនោះទេ ហើយការបង្ហាញខ្លួនចុងក្រោយ ក្នុងការប្រកួត Asian Championship នៅវៀតណាម ក្នុងឆ្នាំ២០១៨នេះ នាងបានធ្លាក់ក្នុងវគ្គជម្រុះដំបូង ដែលធ្វើឲ្យ Ranuri ឈរនៅចំណាត់ថ្នាក់១២០ក្នុងពិភពលោក លើផ្នែកទម្ងន់៧៣គីឡូក្រាមឡើង គិតត្រឹមថ្ងៃទី១ ខែសីហានេះ។

ផ្ទុយពីនេះ ស៊ន សៀវម៉ី មានបទពិសោធប្រកួតច្រើន នៅលើឆាកអន្តរជាតិ និងមានចំណាត់ថ្នាក់លេខ២៦ក្នុងពិភពលោក លើទម្ងន់ក្រោម៧៣គីឡូក្រាម គិតត្រឹមខែសីហានេះ ហើយកំណត់ត្រាប្រកួតវិញ សៀវម៉ី ធ្លាប់ឈ្នះមេដាយមាសកីឡាអាស៊ីនេះ កាលឆ្នាំ២០១៤ ឈ្នះមេដាយមាស២ និងសំរឹទ្ធ១ ក្នុងការប្រកួតស៊ីហ្គេម ឈ្នះមេដាយមាស និងសំរឹទ្ធ ក្នុងការប្រកួត World Championship ព្រមទាំងបានឈ្នះមេដាយប្រាក់ Asian Championship 2016 តែការប្រកួតអូឡាំពិក កាលពីឆ្នាំ២០១៦ សៀវម៉ី បានធ្លាក់ក្នុងវគ្គជម្រុះ១៦នាក់។

យោងតាមបទពិសោធ និងកំណត់ត្រានេះ ស៊ន សៀវម៉ី មានភាពរយខ្ពស់ ក្នុងការយកឈ្នះកីឡាការិនីខ្ចីបទពិសោធរបស់ស្រីលង្កា Ranuri Wanthila ដើម្បីឆ្ពោះទៅកាន់ការប្រកួតវគ្គ៨នាក់ចុងក្រោយ ប៉ុន្តែគេនៅមិនទាន់ដឹងថា ស៊ន សៀវម៉ី នឹងត្រូវប៉ះកីឡាការិនីប្រទេសណាទៀតឲ្យប្រាកដនោះទេ។

បេក្ខនារីទាំង១៦នាក់ ដែលប្រកួតជម្រុះលើវិញ្ញាសាទម្ងន់៦៧គីឡូក្រាមឡើងជាមួយ ស៊ន សៀវម៉ី

• ស៊ន សៀវម៉ី (កម្ពុជា) vs Ranuri (ស្រីលង្កា)
• Tshering Lham (ប៊ូតាន់) vs Khalim Mokhru (តាហ្ស៊ីគីស្ថាន)
• Ma Tinghsia (ឆាយនីសតៃបិ) vs Barua Rodoli (ឥណ្ឌា)
• Rawal Nisha (នេប៉ាល់) vs Gao Pan (ចិន)
• Zahra (អ៊ីរ៉ង់) vs Osipova Svetlana (អ៊ូបេគីស្ថាន)
• Rizki Delva (ឥណ្ឌូណេស៊ី) vs Lam Thi Ha Thanh (វៀតណាម)
• Alora Kirstie Elaine (ហ្វីលីពីន) vs Deniz Cansel (កាហ្សាក់ស្ថាន)

ចំណែកកីឡាកីឡាការិនីខ្មែរ-អាមេរិក Casandre Nicole Tubbs ក៏នឹងត្រូវប្រកួត ក្នុងម៉ោង៩តំណាលគ្នាជាមួយ ស៊ន សៀវម៉ី ផងដែរ។ Casandre Nicole Tubbs ត្រូវប្រកួតវគ្គជម្រុះ៣២នាក់ក្នុងប្រភេទក្នុងទម្ងន់ក្រោម៥៧គីឡូក្រាម ដោយនាងត្រូវប៉ះកីឡាការិនីរបស់វៀតណាម Phan Thi Thuhien ដែលធ្លាប់ឈ្នះបានមេដាយសំរិទ្ធ ពីការប្រកួតកីឡាអាស៊ីនេះ កាលពីឆ្នាំ២០១៤ និងធ្លាប់ឈ្នះមេដាយមាស២ និងប្រាក់១ ពីការប្រកួតស៊ីហ្គេម ផងដែរ៕