អ្នកចាំទី Loris Karius របស់ក្រុមហង្សក្រហម Liverpool បានព្រមព្រៀង និងត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុម Besiktas នៅលីកកំពូលទួរគីជាមួយកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំ។

Karius បានក្លាយជាកីឡាករលេចធ្លោម្នាក់ក្រោមការដឹកនាំរបស់លោក Jurgen Klopp បន្ទាប់ពីកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះបានផ្ទេរពីក្លឹប Mainz មកចូលរួមជាមួយក្រុម Liverpool នៅឆ្នាំ២០១៦ ក្នុងតម្លៃខ្លួនត្រឹមតែ ៥លានផោន ប៉ុន្តែរូបគេបានខកខាន និងមិនបានបញ្ចេញបសមត្ថភាពសម្រាប់ការប្រកួតចុងក្រោយនៅ វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់និងក្រុម Real Madrid។ ហើយក្រោយពេលដែលលោក Jurgen Klopp គ្រូបង្វឹក Liverpool ទិញយកអ្នកចាំទីអន្តរជាតិប្រេស៊ីល Alisson នៅទឹកប្រាក់បំបែកកំនត់ត្រាអ្នកចាំទីថ្លៃបំផុតលើលោកគឺ ៦៥លានផោននៅរដូវក្តៅនេះនាំអោយឪកាស នៃការចូលលេងរបស់ Karius កាន់តែមានតិចតួចបំផុត។

បើទោះបីជា Karius បានបង្ហាញខ្លួននៅក្នុងក្រុមសម្រាប់ការប្រកួតនៅរាត្រីថ្ងៃចន្ទសម្រាប់ក្រុម Liverpool ផ្តួល Crystal Palace នៅកីឡាដ្ឋាន Selhurst Park ប៉ុន្តែ Karius ត្រូវបានរំពឹងថានឹងចាកចេញទៅលេងអោយក្រុម Besiktas ក្នុងរយៈពេល ២៤ម៉ោងខាងមុខនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងទុកថាជាប្រាក់កម្ចីបើទោះបីជាមានជម្រើសដើម្បីចុះហត្ថលេខាអចិន្រ្តៃយ៍សម្រាប់តម្លៃនៅរដូវក្តៅខាងមុខនេះ។