ខ្សែប្រយុទ្ធ Son Heung-min បានធ្វើការក្រើនរំឭកថា ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នឹងត្រូវប្រឈមមុខនឹងផ្លូវដ៏ស្វិតស្វាញមួយក្នុងការធ្វើដំណើរទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Games ក្រោយពីមិនអាចបញ្ចប់ដោយឈរក្នុងចំណាត់ថ្នាក់លេខ១ ក្នុងនៅលើកំពូលតារាងនៃពូលរបស់ខ្លួន ខណៈដែលរូបគេប្រមាញ់រកមេដាយមាស ដែលអាចសង្គ្រោះអាជីពរបស់គេកុំឲ្យមានបញ្ហាដោយសារតែការបំពេញកាតព្វកិច្ចយោធា។

ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Son ក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិគៀហ្ស៊ីគីស្ថាន បានជួយឲ្យក្រុមរបស់គេឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍អូឡាំពិកប្រចាំតំបន់មួយនេះ កាលពីថ្ងៃចន្ទ ដើម្បីប៉ះជាមួយនឹងក្រុមខ្លាំងអ៊ីរ៉ង់ ដែលជាក្រុមមានចំណាត់ថ្នាក់ខ្ពស់ជាងគេប្រចាំយុទ្ធនាការនេះ។ ការឈ្នះមេដាយមាស នឹងគ្រប់គ្រាន់ក្នុងការជួយឲ្យ Son វ័យ២៦ឆ្នាំ គេចផុតពីការបំពេញការតព្វកិច្ចយោធារយៈពេល២១ខែ ហើយរូបគេបានព្រមានដល់មិត្តរួមក្រុមយុវជនរបស់គេថា ពួកគេត្រូវតែមានភាពមុតស្រួចជាងមុននៅពីមុខទី។

Son បានឲ្យដឹងថា៖ «ក្រុមជម្រើសជាតិអ៊ីរ៉ង់ គឺជាក្រុមខ្លាំងមួយ។ យើងត្រូវតែត្រៀមលក្ខណៈឲ្យបានល្អ។ យើងគឺជាកីឡាករអាជីពដូចគ្នា ហេតុនេះ ខ្ញុំគិតថា ពួកគេគួរតែរៀនដោយខ្លួនឯង។ ខ្ញុំគិតថា ខ្ញុំមិនចាំបាច់និយាយអ្វីទៅកាន់ពួកគេឡើយ»។ ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងថា៖ «ប៉ុន្តែ យើងដឹងពីអ្វីដែលយើងត្រូវតែធ្វើឲ្យបានល្អប្រសើរឡើងសម្រាប់ការប្រកួតបន្ទាប់»។ កូរ៉េខាងត្បូង នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ដើម្បីប្រជែងយកកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ៕
Son ព្រមានពីភាពស្វិតស្វាញ ខណៈកូរ៉េខាងត្បូង ស្វែងរកមេដាយមាសក្នុង Asian Games
អត្ថបទទាក់ទង
