ការចាប់ផ្តើមដ៏លំបាកនៅរដូវកាលនេះសម្រាប់ក្រុម Manchester United អាចនឹងឈានទៅកាន់កម្រិតកាន់តែខ្លាំង ប្រសិនបើលោក Jose Mourinho មិនអាចលុបចោលភាពវិជ្ជមានជាសាធារណៈ និងបង្កើតឲ្យមានការបញ្ចេញប្រតិកម្មមួយពីសំណាក់ក្រុមរបស់លោកនៅពេលប្រកួតជាមួយនឹងក្រុម Tottenham Hotspur នៅរាត្រីថ្ងៃចន្ទ។

Man United បានដេញតាមពីក្រោយក្រុមខ្លាំងក្នុងការប្រជែងពានដូចជា Manchester City, Liverpool និង Chelsea ចំនួន ៣ពិន្ទុរួចជាស្រេច ក្រោយពីការបង្ហាញពីទម្រង់លេងខកចិត្តក្នុងពេលចាញ់ក្រុម Brighton ក្នុងលទ្ធផល ៣-២ កាលពីចុងសប្តាហ៍មុន ហើយគម្លាតនោះអាចនឹងបើកកាន់តែធំ នៅត្រឹមពេលចាប់ផ្តើមប្រកួតនាកីឡដ្ឋាន Old Trafford ស្របពេលក្រុមខ្លាំងទាំង៣នេះ សុទ្ធសឹងរំពឹងទុកថា នឹងឈ្នះនៅចុងសប្តាហ៍នេះ។

Man City នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Wolves ហើយ Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brighton នៅថ្ងៃសៅរ៍នេះ ស្របពេលដែលក្រុម Chelsea នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Newcastle នៅថ្ងៃអាទិត្យ Spurs ក៏មិនទាន់បាត់បង់ពិន្ទុផងដែរ ក្រោយពីបានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំក្នុងពេលយកឈ្នះលើក្រុម Newcastle និង Fulham។ ការឆ្លើយតបរបស់លោក Mauricio Pochettino ចំពោះការមិនទិញចូលកីឡាករថ្មីម្នាក់សោះក្នុងពេលបើកទីផ្សារដោះដូរកីឡាករ និងការពន្យារពេលចំពោះការផ្លាស់ប្តូររបស់ក្លិបទៅកាន់កីឡដ្ឋានថ្មី បានក្លាយជាមេរៀនមួយទៅលើដំណោះស្រាយសម្រាប់លោក Mourinho។

Pochettino ដែលមិនបានបញ្ចេញនូវការខកចិត្តរបស់លោកនោះ បានអំពាវនាវឲ្យមានសាមគ្គីភាពរវាងក្រុមប្រឹក្សា និងក្រុម ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ហើយវិធីសាស្ត្ររបស់លោកបានទទួលផលនៅរយៈពេល២សប្តាហ៍ដំបូងនៃយុទ្ធនាការនេះ៕