លោក Unai Emery បានបញ្ជាក់ថា ការចាប់ផ្តើមប្រកបដោយភាពត្រដាបត្រដួសរបស់ក្រុម Arsenal ក្នុងរដូវកាលនេះ នឹងមិនបញ្ឈប់ឲ្យរូបគេដាក់ការជឿជាក់លើទម្រង់លេងរបស់ក្រុមលោកឡើយ។

លោក Emery បានរងនូវការរិះគន់សម្រាប់ការផ្លាស់ប្តូរបច្ចេកទេសលេងរបស់ក្រុម Arsenal យ៉ាងឆាប់រហ័សពេក ក្រោយពីក្រុមកាំភ្លើងមួយនេះ បានរងបរាជ័យក្រោមស្នាដៃក្រុម Manchester City និង Chelsea ក្នុងការប្រកួត ២លើកដំបូងរបស់ពួកគេនៃក្របខ័ណ្ឌ Premier League។ ខណៈដែលក្រុម Arsenal នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham នៅថ្ងៃសៅរ៍នេះ ការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយជាមួយនឹងក្រុមរបស់លោក Manuel Pellegrini ដែលក៏បានរងបរាជ័យក្នុងការប្រកួត ២លើកដំបូងរបស់ខ្លួនដែរនោះ នឹងផ្តល់ឱកាសដល់លោក Emery ក្នុងការធ្វើឲ្យក្រុមរបស់លោកមានលំនឹងឡើងវិញ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ កំពុងតែស្ថិតក្នុងរដូវកាលទី១ របស់លោកនៅឯកីឡដ្ឋាន Emirates ក្រោយពីចូលជំនួសកន្លែងរបស់លោក Arsene Wenger ហើយលោកបានធ្វើការផ្លាស់ប្តូរផែនការនៃការប្រកួតរបស់ក្រុមខ្លួន ដែលត្រូវបានប្រើប្រាស់ដោយគ្រូបង្វឹកមុន យ៉ាងឆាប់រហ័ស។ ស្របពេលដែលលោក Wenger បានទាមទារឲ្យក្រុម Arsenal លេងបែបវាយសម្រុកដែលជារឿយៗបានធ្វើឲ្យពួកគេទន់ខ្សោយក្នុងតំបន់ការពារ លោក Emery ចូលចិត្តឲ្យក្រុមរបស់លោកគ្រប់គ្រងបាល់ឲ្យបានច្រើន។

អតីតគ្រូបង្វឹករបស់ក្លិប Paris Saint Germain រូបនេះ ក៏ចូលចិត្តឲ្យអ្នកចាំទី និងខ្សែការពាររបស់លោក មានចលនាបញ្ជូនបាល់ចុះឡើង សូម្បីតែស្ថិតក្រោមសម្ពាធពីគូប្រកួតក៏ដោយ។ វិធីសាស្ត្រនេះ បានធ្វើឲ្យក្រុម Arsenal បានជួបការលំបាកជាច្រើនលើក ប៉ុន្តែ នៅតែជឿជាក់ថា បញ្ហានេះ នឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗនេះ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ក្នុងដំណើរប្រកួតរបស់យើង យើងនឹងប្រកួត៣៨ប្រកួតជាមួយរាល់ក្រុមទាំងអស់ ហេតុនេះ មិនថា អ្នកលេងជាមួយនឹងក្រុម Manchester City ក៏ដោយ ប៉ុន្តែ វាមានលក្ខណៈដូចគ្នា ដូចដែលយើងលេងជាមួយនឹងក្រុម West Ham នៅថ្ងៃសៅរ៍នេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕

លោក Emery សន្យារក្សាការរជឿជាក់ ខណៈ Arsenal សម្លឹងរកជ័យជម្នះជាលើកទី១
អត្ថបទទាក់ទង
