កាល​ពី​ម្សិលមិញ ក្លឹប Barcelona បាន​យក​ឈ្នះ​ក្លឹប Real Valladolid ក្នុង​លទ្ធផល ១ ទល់​នឹង ០។ ទោះ​ជា​ណា ស្ថានភាព​មិន​ល្អ​របស់​វាល​ស្មៅ​របស់​ក្លឹប Valladolid បាន​ក្លាយ​ជា​ប្រធាន​រឿង​ចម្រូងចម្រាស ក្រោយ​ការ​ប្រកួត ដោយ​មាន​យ៉ាង​ហោច​ណាស់​ កីឡាករ​ក្លឹប​អ្នក​មាន​បុណ្យ​ចេញ​មុខ​ទិតៀន។

កីឡាករ​ទាំង​ពីរ​រូប​រួម​មាន ខ្សែ​ការពារ Gerard Pique និង​ខ្សែ​បម្រើ Sergio Busquets។ នៅ​ក្រោយ​ការ​ប្រកួត​ Pique បាន​ហៅ​ស្ថាន​ភាព​វាលស្មៅ​របស់​ក្លឹប Real Valladolid ថា “រឿង​ដ៏​អាម៉ាស់”។ ខ្សែ​ការពារ​អេស្ប៉ាញ ក៏​បាន​ផ្សា​ភ្ជាប់​បញ្ហា​វាល​ស្មៅ​ដល់​ការ​រិះគន់​ទៅ La Liga ផង​ដែរ ហើយ​ថែម​ទាំង​ដៀមដាម​អំពី​កិច្ច​ព្រមព្រៀង​ដែល La Liga និង​ក្រុមហ៊ុន​អាមេរិក Relevent ដែល​បើក​ផ្លូវ​ដល់​ការ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​យ៉ាង​ហោច​ណាស់​មួយ​ លេង​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។


ចំណែកឯមិត្ត​រួម​ក្រុម Pique កីឡាករ​ខ្សែ​បម្រើ Busquets ក៏​យល់​បែប​នេះ​ដែរ។ កីឡាករ​និយាយ៖ “វា​គឺ​ជា​រឿង​គួរ​ឲ្យ​ក្រៀមក្រំ​ដែល​អ្នក​លេង​នៅ​លើ​ស្មៅ​បែប​នេះ ក្នុង​លីគ​ដែល​ល្អ​បំផុត​លើ​លោក។ គ្មាន​នរណា​ពី​ស្ថាប័ន La Liga មក​ពិនិត្យ​ស្ថាន​ភាព​ស្មៅ​នេះ​ឡើយ។ យើង​មិន​អាច​លេង​បាល់​លើ​ស្មៅ​បែប​នេះ​បាន​ទេ។ វា​ដូច​ស្ថានភាព​ឆ្នេរ​សមុទ្រ​អ៊ីចឹង មិន​ស្មើ​គ្នា​ឡើយ”។

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ប្រកួត​ប៉ះ Barcelonaក្លឹប Valladolid ទើប​រៀប​ចំ​ឡើង​វិញ​នូវ​វាល​ស្មៅ​របស់​ខ្លួន។ ការ​រៀប​ចំ​បែប​ប្រញាប់​អាច​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​វាល​ស្មៅ​មាន​ស្ថានភាព​បែប​នេះ។

ក្រោយ​រង​ការ​ទិតៀន La Liga បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​លើ​ក្លឹប Real Valladolid អំពី​ស្ថាន​ភាព​វាល​ស្មៅ៕


Via :news.sabay