ក្លិប Marseille បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិហូឡង់ Kevin Strootman ពីក្លិប Roma ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបបារាំងមួយនេះ កាលពីថ្ងៃអង្គារ។

ក្លិប Roma បានប្រកាសថា Marseille បានយល់ព្រមចំណាយប្រាក់ ២៥លានអឺរ៉ូ (ស្មើនឹង២៩,៣លានដុល្លារអាមេរិក) សម្រាប់ Strootman រួមជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែម ៣លានអឺរ៉ូបផ្សេងទៀត ទាក់ទងនឹងការទម្រង់លេង។ ខ្សែបម្រើវ័យ ២៨ឆ្នាំរូបនេះ គឺជាកីឡាករចំណូលថ្មីទី២ របស់ក្លិប Marseille នៅរដូវក្តៅនេះ ក្រោយពីការចូលរួមរបស់ខ្សែការពារអន្តរជាតិក្រូអាស៊ី Duje Caleta-Car ពីក្លិប Red Bull Salzburg របស់ប្រទេសអូទ្រីស។ Strootman ធ្លាប់បានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកនៃក្លិប Marseille លោក Rudi Garcia នៅពេលដែលរូបគេបានចូលរួមជាមួយនឹងក្លិប Roma ពីក្លិប PSV Eindhoven កាលពីឆ្នាំ២០១៣។

រូបគេបានបង្ហាញខ្លួនជាអន្តរជាតិចំនួន ៤១លើកសម្រាប់ក្រុមជម្រើសជាតិហូឡង់ បើទោះបីបញ្ហារបួស២លើកបានរំខានដល់ពេលវេលារបស់គេនៅឯក្លិប Roma និងបានធ្វើឲ្យរូបគេអវត្តមានក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ក៏ដោយ។ ការចុះហត្ថលេខាជាមួយនឹង Strootman នឹងជួយឲ្យក្លិប Marseille បំពេញកន្លែងទំនេរដែលត្រូវបានចាកចេញដោយខ្សែបម្រើអន្តរជាតិកាមេរូន Andre-Frank Zambo Anguissa ដែលត្រូវបានលក់ទៅឲ្យក្លិប Fulham កាលពីដើមខែនេះ សម្រាប់តម្លៃខ្លួន៣០លានអឺរ៉ូ៕