តារាឆ្នើមអន្តរជាតិក្រូអាស៊ី Luka Modric របស់ក្លិប Real Madrid កាលពីថ្ងៃព្រហស្បតិ៍ បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA ក្នុងប្រទេសម៉ូណាកូ ក្រោយពីបានផ្តួលអតីតមិត្តរួមក្រុមរបស់គេ Cristiano Ronaldo និងតារាឆ្នើម Mohamed Salah របស់ក្លិប Liverpool ដើម្បីឈ្នះពានកិត្តិយសមួយនេះ។

Modric ដែលបានក្លាយជាតារាឆ្នើមក្នុងពេលក្រុម Real បានឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី៣ជាប់ៗគ្នា នៅមុនពេលជួយឲ្យក្រុមជម្រើសជាតិក្រូអាស៊ី ទៅវគ្គផ្តាច់ព្រ័ត្រនៃ World Cup នោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការទទួលពានដ៏អស្ចារ្យមួយនេះ។ ខ្ញុំបានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីពាននេះ និងដើម្បីឈានទៅកាន់ចំណុចខ្ពស់បំផុតតាមដែលអាច»។

កីឡាករវ័យ៣២ឆ្នាំរូបនេះ ដែលត្រូវបានប្រកាសថា ជាអ្នកឈ្នះពានរង្វាន់នេះ ក្រោយពីការចាប់ឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ក្របខ័ណ្ឌ Champions League វគ្គចែកពូល នៅរដូវកាលនេះ បានបន្ថែមទៀតថា៖ «ខ្ញុំអាចនិយាយបានថា នេះគឺជាឆ្នាំដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ ទាំងជាមួយខ្ញុំ និងឯកជន ហើយខ្ញុំពិតជារីករាយនឹងពេលវេលាណាស់»។ Modric បានចាប់ផ្តើមអាជីពជាមួយនឹងក្លិប Dinamo Zagreb ហើយបន្ទាប់មក បានចំណាយពេលរយៈពេល៤ឆ្នាំជាមួយនឹងក្លិប Tottenham Hotspur នៅមុនពេលក្លិប Real បានទិញយករូបគេកាលពីរយៈពេល៦ឆ្នាំមុន៕