លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United នឹងត្រូវសារភាពចំពោះមុខតុលាការមួយរបស់អេស្ប៉ាញ ដែលបានរកឃើញថា លោកបានគេចពីការបង់ពន្ធក្នុងទឹកប្រាក់ចំនួន ៣,៣លានអឺរ៉ូ (ស្មើនឹង៣,៨លានដុល្លារអាមេរិក) ក្នុងពេលស្ថិតជាគ្រូបង្វឹករបស់ក្លិប Real Madrid។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែតប្រចាំថ្ងៃរបស់អេស្ប៉ាញ El Mundo កាលពីថ្ងៃអង្គារ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៥៥ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទបន្លំការបង់ពន្ធក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២។ នេះបើយោងទៅតាមការបញ្ជាក់របស់រដ្ឋអាជ្ញា កាលពីឆ្នាំមុន។ លោកបានយល់ព្រមក្នុងការបង់ប្រាក់ពិន័យរហូតដល់ទៅ៦០ភាគរយនៃចំនួនទឹកប្រាក់ដែលលោកបានលាក់បាំងពីមន្ត្រីពន្ធដារ និងការកាត់ទោសឲ្យជាប់គុករយៈពេល ១ឆ្នាំ ដែលជាការពិន័យមួយផ្សេងទៀត។ នេះបើយោងទៅតាមកាសែតដដែល។

ហេតុនេះ លោក Mourinho នឹងត្រូវបង់ប្រាក់សរុបច្រើនជាង ៥លានអឺរ៉ូ។ ការព្រមព្រៀងគ្នាមួយ ជាមួយនឹងមន្ត្រីរដ្ឋអាជ្ញា ត្រូវបានឈានដល់ ហើយមន្ត្រីពន្ធដាររបស់អេស្ប៉ាញ មិនទាន់ត្រូវបានបញ្ជូនទៅកាន់តុលាការដែលកំពុងស៊ើបអង្កេតលើករណីនេះឡើយ។ នេះបើយោងទៅតាមការសែត El Mundo។ លោក Mourinho គឺជាមនុស្សចុងក្រោយក្នុងបញ្ជីឈ្មោះកីឡាករបាល់ទាត់ និងបុគ្គលផ្សេងទៀត ក្នុងឧស្សាហកម្មនេះ ដែលរងនូវការចោទប្រកាន់ពីការបន្លំការបង់ពន្ធនៅអេស្ប៉ាញ ទៅលើចំណូលដែលបានមកពីសិទ្ធិរូបភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
