ខ្សែបម្រើ Jorginho ក្នុងថ្ងៃនេះ បាននិយាយថា ខ្លួនចូលចិត្តលេងក្នុងលីគកំពូលអង់គ្លេស តែសង្ឃឹមថានឹងអាចត្រលប់ទៅលេងនៅលីគកំពូលអ៊ីតាលីនៅថ្ងៃណាមួយ។

Jorginho បាននិយាយ៖ “តាមពិតទៅ មានភាពខុសគ្នា រវាង Premier League និង Serie A។ ខ្ញុំចូលចិត្តលេងក្នុងលីគអង់គ្លេសណាស់។ ខ្ញុំចូលចិត្តការប្រកួតដែលមានសភាពប្រកួតប្រជែងខ្ពស់ ហើយកីឡាករទាំងអស់ខំលេង ១០០% ។ លីគមួយនេះមានសភាពល្អ និងអស្ចារ្យណាស់”។
ទោះជាយ៉ាងណា កីឡាករសញ្ជាតិអ៊ីតាលីក៏បាននិយាយលើកសរសើរលីគកំពូលអ៊ីតាលីផងដែរ។ Jorginho បានហៅ Serie A ថា “ស្ថិតក្នុងចំណោមលីគល្អបំផុតលើលោក” ហើយសង្ឃឹមថានឹងត្រលប់ទៅលេងក្នុងលីគនោះម្ដងទៀតនៅថ្ងៃណាមួយ។

ក្រោយរួមរស់ជាង ៥ ឆ្នាំនៅ Napoli ខ្សែបម្រើ Jorginho បានចាកចេញមកចូលរួមជាមួយក្លឹបតោខៀវ Chelsea កាលពីអំឡុងទីផ្សារដោះដូរកីឡាករកន្លងទៅនេះ។ កីឡាករលេងបាន ៥ លើកហើយឲ្យក្លឹបអង់គ្លេស និងស៊ុតចូល ១ គ្រាប់៕
Via :news.sabay
