ខ្សែប្រយុទ្ធ Romelu Lukaku បានស៊ុតបាល់បញ្ចូលទី​ ២គ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ដែលបានឈានទៅប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានចាប់ផ្តើមយុទ្ធនាការ Nations League របស់ពួកគេ តាមរយៈការយកឈ្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុមជម្រើសជាតិអ៊ីស្លង់ កាលពីថ្ងៃអង្គារ។

ខ្សែបម្រើប្រយុទ្ធ Eden Hazard បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី២៩ ក្រោយពីការប្រព្រឹត្តកំហុសលើ Lukaku ខណៈដែលខ្សែប្រយុទ្ធរបស់ក្លិប Manchester United រូបនេះ បានរកគ្រាប់បាល់ទី២ យ៉ាងឆាប់រហ័ស នៅមុនពេលបន្ថែមគ្រាប់បាល់ទី៣នៅជិតបញ្ចប់ការប្រកួត។ Lukaku ដែលក៏រកបានគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុមជម្រើសជាតិស្កុតឡេន ៤-០ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃសុក្រនោះ ត្រូវបានធ្វើឲ្យដួលតាមរយៈការប្រជែងដណ្តើមបាល់ដោយកីឡាករ Sverrir Ingason ហើយ Hazard បានស៊ុតបាល់ពីចំណុចពិន័យ ១១ម៉ែត្របំប៉ោងសំណាញ់ទីរបស់ Hannes Halldorsson យ៉ាងល្អ។

បន្ទាប់មក រូបគេ បានរកគ្រាប់ដោយខ្លួនឯង ក្នុងរយៈពេល២នាទីក្រោយមក ក្រោយពីការតែតបាល់របស់ខ្សែការពារ Vincent Kompany បានផ្លាតចេញពីដៃរបស់អ្នកចាំទី Halldorsson។ ក្រុមជម្រើសជាតិបែលហ្ស៊ិក បានបំពេញជ័យជម្នះរបស់ខ្លួននៅរយៈពេល៩នាទីចុងក្រោយ ក្រោយពី Lukaku រកបានគ្រាប់បាល់ទី២របស់ខ្លួន។ បច្ចុប្បន្នក្រុមរបស់លោក Roberto Martinez មាន៣ពិន្ទុស្មើជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស ដែលបានផ្តួលក្រុមអ៊ីស្លង់ យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ ក្នុងទីក្រុង St Gallen កាលពីថ្ងៃសៅរ៍៕

ប្រភព៖ Channel News Asia