ខ្សែ​បម្រើ N’Golo Kante កាល​ពី​ពេល​កន្លង​ទៅ ធ្លាប់​បាន​ទម្លាយ​ថា ដោយ​ស្ទាក់ស្ទើរ​អំពី​អនាគត​នៃ​អាជីព​បាល់ទាត់ ខ្លួន​បាន​រៀន​ផ្នែក​គណនេយ្យ​រហូត​ដល់​បាន​សញ្ញាប័ត្រ។

នៅ​ពេល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​អាយុ ១៨ ឆ្នាំ Kante បាន​ចុះ​ឈ្មោះ​ចូល​រៀន​ផ្នែក​គណនេយ្យ​នៅ​អំឡុង​ឆ្នាំ ២០១០ ហើយ​រៀន​ជំនាញ​នេះ​បាន​ ២ ឆ្នាំ ហើយ​ក៏​បាន​សញ្ញាប័ត្រ។ កីឡាករ​បារាំង បាន​និយាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​ចូល​រៀន​ផ្នែក​នេះ ព្រោះ​ខ្សែ​បម្រើ​មាន​ភាព​ស្ទាក់ស្ទើរ​ទាក់​ទង​នឹង​អនាគត​អាជីព​បាល់ទាត់​របស់​ខ្លួន។ ក្នុង​អំឡុង​ពេល ២ ឆ្នាំ​រៀន​ផ្នែក​គណនេយ្យ Kante ស្ថិត​នៅ​ឈុត​យុវជន​នៅ​ឡើយ​នៅ​ក្លឹប Boulogne ហើយ​មិន​ទាន់​ក្លាយ​ជា​កីឡាករ​អាជីព។ ការណ៍​នេះ​ធ្វើ​ឲ្យ​ Kante រក​ចំណូល​មិន​បាន​ច្រើន​ទេ​ពី​អាជីព​បាល់ទាត់។

ទោះ​ជា​យ៉ាង​ណា នៅ​ឆ្នាំ ២០១២ ក្លឹប Boulogne បាន​ឲ្យ Kante ចូល​រួម​ជាមួយ​ឈុត​ធំ ហើយ​ក៏​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព។ នៅ​ពេល​នោះ​ហើយ ដែល Kante ផ្ដោត​អារម្មណ៍​លើ​បាល់ទាត់។ លេង​នៅ​ទី​នោះ បាន​មួយ​ឆ្នាំ ខ្សែ​បម្រើ​បាន​ផ្ទេរ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Caen។

ក្រោយ​រួម​រស់​ជាមួយ Caen បាន ២ ឆ្នាំ Kante បាន​មក​ចូល​រួម​ជាមួយ Leicester City នៅ​ឆ្នាំ ២០១៥ ហើយ​ក៏​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន Premier League យ៉ាង​ភ្ញាក់​ផ្អើល​នៅ​រដូវ​កាល ២០១៥/១៦។ ក្រោយ​មក Kante បាន​មក​ចូល​រួម​ជាមួយ Chelsea ហើយ​ក៏​បាន​​រួម​ចំណែក​ជួយ​ក្លឹប​ឲ្យ​ឈ្នះ Premier League រដូវ​កាល ២០១៦/១៧។ រហូត​មក​ទល់​បច្ចុប្បន្ន កីឡាករ​បារាំង បន្ត​ស្ថិត​ក្នុង​ចំណោម​កីឡាករ​បង្គោល​សម្រាប់​ក្លឹប​តោ​ខៀវ។

ក្នុង World Cup ២០១៨ កីឡាករ​ Kante បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ហើយ​បាន​រួម​ចំណែក​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ឲ្យ​ឈ្នះ​កម្មវិធី​ជា​លើក​ទី ២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន៕
Via: Sabay