ពេលវេលាចុងក្រោយដែលលោក Thomas Tuchel បានធ្វើដំណើរទៅកាន់ទឹកដី គឺពេលដែលលោកបានដឹកនាំក្រុម Borussia Dortmund ដែលបានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ក្រោយពីក្រុម Liverpool បានបំពេញការវាយបកដ៏មិននឹកស្មានដល់។ នៅរាត្រីនេះ លោកនឹងវិលទៅម្តងទៀតជាមួយនឹងក្រុម Paris Saint-Germain (PSG) ដោយសម្លឹងរកការធ្វើឲ្យបានល្អប្រសើរជាងលោក Jurgen Klopp ក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតដ៏រំភើបបំផុតនៃក្របខ័ណ្ឌ Champions League វគ្គចែកពូល។

លោក Klopp និងលោក Tuchel គឺជាគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ មានភាពល្បីល្បាញបំផុតនៅសព្វថ្ងៃនេះ ខណៈដែលគ្រូបង្វឹកទាំង២សុទ្ធសឹងមានដំណើរផ្លូវដូចគ្នាក្នុងប្រទេសរបស់ខ្លួន នៅមុនពេលទទួលយកការងារជាមួយនឹងក្លិបយក្ស២របស់អឺរ៉ុប។ ស្ថិតក្នុងវ័យ៥១ឆ្នាំ លោក Klopp មានវ័យចាស់ជាងលោក Tuchel ៦ឆ្នាំ ហើយកំណត់ត្រារបស់លោកគឺការឈ្នះពានក្របខ័ណ្ឌ Bundesliga ២លើក និងឈានទៅវគ្គផ្តាច់ព្រ័ត្រនៃ Champions League ២លើក ស្របពេលដែលលោក Tuchel ត្រូវបានតែងតាំងដោយ PSG កាលពីខែឧសភា បើទោះបីបានឈ្នះត្រឹមតែពាន German Cup តែ១ក្នុងនាមជាគ្រូបង្វឹកក៏ដោយ។ លោក Klopp បានទទួលជ័យជម្នះ៨លើក និងចាញ់ត្រឹមតែ១លើកគត់ ក្នុងចំណោមការជួបគ្នា១២លើកកាលពីមុនជាមួយនឹងលោក Tuchel។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Klopp មិនចាប់អារម្មណ៍លើកំណត់ត្រានេះឡើយ តាមរយៈការសង្កត់ធ្ងន់ថា លោក Tuchel មិនធ្លាប់បានដឹកនាំក្រុម១ដែលមានកីឡាករឆ្នើមៗដូចជា Neymar និង Kylian Mbappe ពីមុនមកឡើយ។

លោក Klopp បានឲ្យដឹងថា៖ «នៅពេលដែលខ្ញុំបានដឹកនាំនៅ Dortmund ខ្ញុំមានក្រុមដ៏ខ្លាំងមួយ ហើយគាត់បានដឹកនាំក្លិប Mainz។ គាត់បានធ្វើការងារដ៏អស្ចារ្យ១នៅទីនោះ ហេតុនេះ វាមិនយុត្តិធម៌ឡើយក្នុងការប្រៀបធៀបជាមួយនឹងកំណត់ត្រានោះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport24
