ខ្សែប្រយុទ្ធអន្តរជាតិវេលស៍ Gareth Bale បានបញ្ជាក់ថា ក្រុម Real Madrid កំពុងតែមានភាពខ្លាំងជាងមុន ហើយរូបគេកំពុងត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញពីសមត្ថភាព ក្នុងពេលក្រុមយក្សអេស្ប៉ាញមួយនេះ ធ្វើជាម្ចាស់ផ្ទះទទួលក្រុមអ៊ីតាលី AS Roma ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League វគ្គចែកពូលនៅរាត្រីនេះ។

Bale នឹងដឹកនាំក្រុម Real ដើម្បីចាប់ផ្តើមការប្រជែងដណ្តើមពានក្របខ័ណ្ឌកំពូលអឺរ៉ុបជាលើកទី១៤ ដោយគ្មានលោក Zinedine Zidane ជាគ្រូបង្វឹក និងតារាឆ្នើម Cristiano Ronaldo ក្នុងក្រុមរបស់ខ្លួនក៏ដោយ។ Bale បានបង្ហាញពីទម្រង់លេងយ៉ាងល្អ បើគិតចាប់តាំងពីការចាកចេញរបស់ Ronaldo ទៅកាន់ Juventus តាមរយៈការស៊ុតបាល់បញ្ចូលរាល់ការឈ្នះការប្រកួតបើកឆាកទាំង ៣លើកនៃក្របខ័ណ្ឌ La Liga របស់ក្រុម Real និងបានជួយឲ្យ Isco រកបានគ្រាប់បាល់តាមស្មើក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Athletic Bilbao កាលពីថ្ងៃសៅរ៍។ Bale បានប្រាប់កាសែតចក្រភពអង់គ្លេសថា៖ «ពិតណាស់ វានឹងមានភាពផ្សេងគ្នាបន្តិចបន្តួច ពីការមានកីឡាករដ៏ឆ្នើមម្នាក់។ វាប្រហែលជាមានការធូរស្រាលបន្តិច។ ខ្ញុំគិតថា វាមាននូវការលេងជាក្រុមច្រើនជាង និងការធ្វើការក្នុងនាមជាក្រុមមួយ ជាងការផ្តោតលើតែកីឡាករម្នាក់»។

ស្របពេលជាមួយគ្នានេះ លោក Ryan Giggs គ្រូបង្វឹកនៃក្រុមជម្រើសជាតិវេលស៍ បានឲ្យដឹងកាលពីដើមខែនេះថា៖ «នៅពេលដែលកីឡាករដ៏ឆ្នើមម្នាក់ដូចជា Cristiano ចាកចេញវានឹងមានការចាប់អារម្មណ៍មួយទៅលើកីឡាកររូបណាដែលនឹងជំនួសកន្លែងរបស់គេ។ ប៉ុន្តែ Gareth បានបង្ហាញពីគុណភាពរបស់គេ ក្នុងការប្រកួតធំៗជាច្រើន និងបង្ហាញថា រូបគេអាចដោះស្រាយក្នុងពេលស្ថិតក្រោមសម្ពាធ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

Gareth Bale ត្រៀមរួចរាល់ក្នុងការបង្ហាញថ្វីជើង ដោយគ្មានលោក Zidane និង Ronaldo
អត្ថបទទាក់ទង
