ខ្សែបម្រើដ៏មានឥទ្ធិពល Eden Hazard របស់ក្លិប Chelsea មិនត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមសម្រាប់ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Europa League វគ្គចែកពូល នៅលើទឹកដីក្រុមរបស់ក្រិក PAOK នារាត្រីនេះឡើយ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ។

តារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ ស្ថិតក្នុងចំណោមកីឡាករ ៤នាក់ដែលត្រូវបានដកចេញពីក្រុមដោយលោកគ្រូបង្វឹក Maurizio Sarri រួមជាមួយនឹងខ្សែការពារកណ្តាល David Luiz ខ្សែបម្រើ Mateo Kovacic និងខ្សែការពារស្លាបឆ្វេង Emerson Palmieri។ Hazard បានបង្កើតឲ្យមានការចាប់ផ្តើមយ៉ាងល្អនៅដើមរដូវកាលនេះ តាមរយៈការស៊ុតបាល់បញ្ចូលទី៥គ្រាប់ ពីការប្រកួតទាំង៥លើកនៃក្របខ័ណ្ឌ Premier League ក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបាល់បញ្ចូលទី៣គ្រាប់នៅពេលប្រកួតជាមួយនឹងក្រុម Cardiff កាលពីចុងសប្តាហ៍មុនផងដែរ។

ការសម្រេចចិត្តរបស់លោក Sarri ក្នុងការមិនបញ្ចូលឈ្មោះ Hazard សម្រាប់ការប្រកួតបើកឆាកនៃពូល L ក្នុងក្របខ័ណ្ឌ Europa League គឺក្នុងបំណងក្នុងការធ្វើឲ្យខ្សែបម្រើដ៏ឆ្នើមរូបនេះសម្រាក ដើម្បីត្រៀមសម្រាប់ការប្រកួតនៅលើទឹកដីក្រុម West Ham United ក្នុងក្របខ័ណ្ឌលីកនៅថ្ងៃអាទិត្យនេះ។ Chelsea បានកត់ត្រាជ័យជម្នះ៥លើកពីការប្រកួតទាំង៥លើករបស់ខ្លួន ដើម្បីឈរលេខ១នៅលើតារាង Premier League ពីលើក្រុម Liverpool ដោយសារតែមានគ្រាប់បាល់ច្រើនជាង។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១១:៥៥យប់៕

ប្រភព៖ Channel News Asia