ក្រុម Roma និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមអធិរាជស Real Madrid នៅទឹកដី Estadio Santiago Bernabeu នៅថ្ងៃព្រហស្បត្ត៏នេះ ត្រូវនិងម៉ោង ២:០០រំលងអធ្រាតសម្រាប់ការប្រកួតក្របខណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champion League វគ្គជម្រុះក្នុងពូល G។

ខ្សែបម្រើ-ការពារសញ្ជាតិអ៊ីតាលីកីឡាករ Daniele De Rossi បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនមានអារម្មណ៍ធូរស្រាលអ្វីឡើយបើទោះបីជាក្រុមសមភាគី Real Madrid មិនមានវត្តមាន Cristiano Ronaldo ក្រោយពីតារាឆ្នើមរូបនេះបានចាកចេញទៅលេងអោយក្រុម Juventus នៅរដូវក្តៅ និងស្តែងអោយឃើញពីភារកិច្ចលំបាកមួយសម្រាប់ក្រុមការការពារតំណែងជើងឯក Champions League របស់ខ្លួននៅរដូវកាលថ្មីនេះ។

ផ្ទុយទៅវិញកីឡាករខ្សែបម្រើជើងចាស់វ័យ ៣៥ឆ្នាំ Rossi បានសារភាពនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា: Real Madrid គឺជាក្រុមមួយដែលពោរពេញទៅដោយកីឡាករដ៏អស្ចារ្យ មិនត្រឹមតែ Ronaldo នោះទេ ប៉ុន្តែ ប្រសិនបើពួកគេលក់កីឡាករឆ្នើម ៨នាក់បន្ថែមទៀតខ្ញុំប្រហែលជាមានអារម្មណ៍ធូរស្បើយខ្លះ។ ទោះបី Ronaldo បំបែកកំនត់ត្រាជាច្រើនប៉ុន្តែ Real Madrid នៅតែមានកីឡាករល្អៗនាពេលបច្ចុប្បន្ន។

Roma បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតនៅឆ្នាំ ២០១៧/២០១៨ ប៉ុន្តែមិនអាចឈានដល់វគ្គ ផ្តាច់ព្រ័ត្របានដោយត្រូវធ្លាក់ចេញក្រោមថ្វីជើងក្រុមហង្សក្រហម Liverpool។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca
