ក្រុមសេះបង្កង់ Juventus បានចាប់ផ្តើមយុទ្ធនាការនាំក្របខ័ណ្ឌ Champions League របស់ពួកគេ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Valencia ក្នុងការប្រកួតមួយដែលត្រូវបានបាំងបិទដោយពពកខ្មៅនៃការពិន័យកាតក្រហមដ៏ចម្រូងចម្រាស់សម្រាប់ Cristiano Ronaldo ស្របពេលក្រុមខ្លាំងប្រចាំយុទ្ធនាការ Manchester City បានចាញ់ក្រោមស្នាដៃក្រុម Lyon នៅលើទឹកដីខ្លួនឯងដ៏មិននឹកស្មានដល់ ក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធ។

ការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ជាលើកទី១របស់ Ronaldo សម្រាប់ក្រុម Juventus មានរយៈពេលតិចជាង១ម៉ោង ខណៈដែលតារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានរងពិន័យកាតក្រហម ក្រោយពីការប៉ះទង្គិចជាមួយនឹងខ្សែការពារ Jeison Murillo នៃក្រុម Valencia។ ក្រោយពីការប៉ះទង្គិចជាមួយនឹង Ronaldo ខ្សែការពារអន្តរជាតិកូឡុំប៊ី Murillo បានដួលទៅលើទីលានដោយយកដៃខ្ទប់មុខរបស់គេ ហើយលោកអាជ្ញាកណ្តាល Felix Brych បានធ្វើការពិភាក្សាជាមួយនឹងមន្ត្រីជំនួយការអាជ្ញាកណ្តាលនៅខាងក្រោយទីលាន នៅមុនពេលផ្តល់កាតក្រហមបណ្តេញខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងប្រចាំយុទ្ធនាការរូបនេះចេញ។

ខណៈដែលការរិះគន់ចំពោះការខ្វះនូវបច្ចេកវិទ្យាវីដេអូក្នុងយុទ្ធនាការនានារបស់ UEFA លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានឲ្យដឹងថា៖ «រឿងតែមួយដែលខ្ញុំអាចនិយាយបានគឺថា វីដេអូជំនួយការអាជ្ញាកណ្តាល អាចជួយដល់អាជ្ញាកណ្តាលធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាពិតជារឿងដ៏ខកចិត្តណាស់ យើងស្ទើរតែចាញ់ដោយសារតែករណីនោះ ហើយយើងនឹងអវត្តមាន Ronaldo សម្រាប់ការប្រកួតបន្ទាប់»។ ប៉ុន្តែ Juventus ដែលបានគ្រប់គ្រងការប្រកួតទាំងស្រុង រហូតដល់ Ronaldo រងពិន័យកាតក្រហមនោះ បានទទួលបាល់ប៉េណាល់ទី២លើក ក្នុងរយៈពេល ៦នាទីនៃចន្លោះតង់នីមួយៗ ហើយកីឡាករ Miralem Pjanic បានស៊ុតបាល់បញ្ចូលទីទាំង២លើក៕

Valencia vs Juventus

Manchester vs Lyon