អាជ្ញាកណ្តាលអាល្លឺម៉ង់លោក Felix Brych បានផ្តល់កាតក្រហមដល់កីឡាករ Cristiano Ronaldo នៅក្នុងការប្រកួតតង់ទី១ ក្របខ័ណ្ឌ Champions League ក្នុងពូលH នៅទឹកដីក្រុមម្ចាស់ផ្ទះ Valencia បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករ Jeison Murillo ហើយ Ronaldo គ្រាន់តែយកដៃទៅប៉ះក្បាល រូបគេថ្មមៗប៉ុណ្ណោះ។ ក្រោយការបណ្តេញចេញដ៏ចម្រូងចម្រាស់នៅនាទីទី២៩ ខ្សែប្រយុទ្ធស្លាប និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo រូបនេះ នឹងត្រូវខកខានក្នុងការបង្ហាញខ្លួនក្នុងជំនួបប្រកួតជម្រុះក្នុងពូលជាមួយអតីតក្រុមដែលរូបគេបានសាងភាពល្បីល្បាញនោះគឺ Man.United នាកីឡាដ្ឋាន OldTrafford។ ទោះបីជា Ronaldo ត្រូវបានបណ្តេញចេញពីការប្រកួតប៉ុន្តែក្រុមភ្ញៀវ Juventus ដែលមានគ្នាតែ ១០នាក់ នៅតែអាចផ្តួលក្រុមមានគ្នា ១១នាក់ ដោយលទ្ធផល ២:0​ ដោយបាល់ពិន័យកាត់សេចក្តី ១១ម៉ែត្ររហូតដល់ទៅ ២គ្រាប់នៅនាទីទី៤៥ និង៥១។

ក្រោយរកពិន័យបណ្តេញចេញពីការប្រកួតនេះ Ronaldo អាចនឹងត្រូវហាមឃាត់មិនអាចចូលរួមក្នុងព្រឹត្តការណ៏បាល់ទាត់ទ្វីបអឺរ៉ុបនេះ ២ប្រកួតបន្ទាប់ពោលគឺការប្រកួតទទួលក្រុមភ្ញៀវ Young Boys និងការប្រកួតមួយគូទៀតគឺជាមួយក្រុមម្ចាស់ជើងឯក ១៣សម័យគឺអតីតក្រុម Man.United។

សម្រាប់ការរងពិន័យនេះគឺជាកាតក្រហមទី១១ នៃអាជីពរបស់កីឡាករវ័យ ៣៣ឆ្នាំរូបនេះនិងជាលើកទី១ របស់ខ្លួននៅក្នុងព្រឹត្តការណ៏ប្រកួតក្របខ័ណ្ឌ Champions League។ Ronaldo ធ្លាប់មានប្រវត្តិត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតបួនដងកំលុងពេលរួមរស់ជាមួយក្រុម Manchester United និង ៦ដងជាមួយក្រុមអធិរាជស Real Madrid។

សូមរីករាយទស្សនាវិដេអូរបស់កីឡាករឆ្នើម CR7 ខាងក្រោម:

ប្រភព៖ Marca