អតីតកីឡាកររត់ប្រណាំងដ៏ឆ្នើម Usain Bolt អាចនឹងត្រួសត្រាផ្លូវរបស់គេទៅកាន់ទ្វីបអឺរ៉ុប ក្រោយពីត្រូវបានផ្តល់កុងត្រាលេងបាល់ទាត់អាជីពរយៈពេល ២ឆ្នាំ ក្នុងប្រទេសម៉ាល់តិ៍ ក្រោយពីការរកគ្រាប់បាល់របស់គេក្នុងប្រទេសអូស្ត្រាលី។ នេះបើយោងទៅតាមព័ត៌មាននានាកាលពីថ្ងៃអង្គារ។

Bolt វ័យ៣២ឆ្នាំ កំពុងតែស្ថិតក្នុងការហ្វឹកហាត់សាកល្បងជាមួយនឹងក្លិប Central Coast Mariners របស់ក្របខ័ណ្ឌ A-League ចាប់តាំងពីធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលី កាលពីខែសីហា ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចក្តីសុបិនកាលពីកុមារភាពរបស់គេក្នុងការក្លាយជាកីឡាករបាល់ទាត់អាជីព ក្រោយពីចូលនិវត្តន៍ពីកីឡាអត្តពលកម្មកាលពីឆ្នាំមុន។ ម្ចាស់គ្រប់គ្រងកំណត់ត្រាពិភពលោកលើការរត់ចម្ងាយ១០០ម៉ែត្ររូបនេះ បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ដំបូងរបស់គេក្នុងកីឡាបាល់ទាត់អាជីព កាលពីថ្ងៃសុក្រ នៅពេលដែលរូបគេបានចាប់ផ្តើមការប្រកួតមុនបើករដូវកាល ជាមួយនឹងក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី២ Macarthur South West United ក្នុងទីក្រុងស៊ីដនី។

កាសែត Daily Telegraph បានចេញផ្សាយថា ក្លិប Valletta FC របស់ម៉ាល់តិ៍ បានដាក់សំណើផ្លូវការមួយដែលក្នុងនោះរាប់បញ្ចូលទាំងការលេងក្នុងការដណ្តើមពានវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួនផងដែរ។ កាសែតនេះ បានបញ្ជាក់ថា ក្រុម Valletta FC ទើបតែត្រូវបានទិញដោយក្រុមអ្នកបណ្តាក់ទុនដែលចង់ជួយឲ្យពួកគេឈានទៅវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League របស់អឺរ៉ុប។ ភ្នាក់ងារអូស្ត្រាលី ដែលបានរៀបចំការហ្វឹកហាត់សាកល្បងរបស់ Bolt ជាមួយនឹងក្លិប Mariners បានដិសេធក្នុងការអះអាង ឬច្រានចោលព័ត៌មាននានា នៅពេលដែលត្រូវបានទាក់ទងកាលពីថ្ងៃអង្គារ៕

ប្រភព៖ Channel News Asia