នៅក្នុងថ្ងៃច័ន្ទនេះ ខ្សែស្លាប Alexis Sanchez មិនមានវត្តមានក្នុងការហ្វឹកហាត់ត្រៀមប្រកួតទល់នឹងក្លឹប Juventus ក្នុងក្របខ័ណ្ឌ UEFA Champions League ឡើយ។
រហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍ជាក់លាក់បញ្ជាក់អំពីហេតុផលនៅពីក្រោយអវត្តមាននេះឡើយ។ ទោះជាយ៉ាងណា បើតាមការអះអាងកាសែតរបស់អង់គ្លេស The Time កីឡាករជម្រើសជាតិឈីលីនេះមិនសប្បាយចិត្តទៅនឹងការសម្រេចរបស់អ្នកចាត់ការក្លឹប Manchester United ដែលមិនសូវដាក់ខ្លួនឲ្យចូលលេងញឹកញាប់ដូចកាលពីមុន។
ក្រៅពី Sanchez កីឡាករ Jesse Lingard, Diogo Dalot និង Marouane Fellaini ក៏បានអវត្តមានក្នុងការហ្វឹកហាត់ថ្ងៃនេះដែរ។

នៅដើមរដូវកាល ២០១៨/១៩ Sanchez មិនសូវបានលេងជាប់លាប់ពេញលេញឡើយ។ ក្នុងរដូវកាលនេះដែរ Sanchez បានចូលលេងពេញ ៩០នាទីបានតែម្ដងគត់ក្នុង Premier League គឺក្នុងប្រកួតទល់នឹង Leicester City កាលពីខែសីហាកន្លងទៅ ដែល Manchester United បានឈ្នះក្នុងលទ្ធផល ២-១។ ចំណែកប្រកួតទល់នឹង Chelsea កាលពីថ្ងៃសៅរ៍កន្លងទៅ រូបគេបានចូលលេងតែជាង ១០នាទីប៉ុណ្ណោះ។

តាំងពីផ្ទេរមកក្លឹប Manchester United នៅដើមឆ្នាំ ២០១៨នេះ Alexis Sanchez បានបង្ហាញខ្លួនឲ្យក្លឹបចំនួន ២៦លើក ហើយរកគ្រាប់បាល់បាន ៤គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៦ដង៕
Via :news.sabay
