កាលពីដើមសប្តាហ៍នេះក្បាច់គុនចម្រុះនៅកម្ពុជា បានបោះជំហានដើរទៅមុខដ៏មិនគួរឲ្យជឿ។ នៅថ្ងៃអង្គារទី ២៣ ខែតុលា មុននេះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានចាប់ផ្តើមទទួលស្គាល់ជាផ្លូវការហើយ។ នៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទីមួយរបស់សហព័ន្ធ គេសង្កេតឃើញថាមានថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបបានចូលរួមកម្មពិធីដែលរៀបចំឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។

ស្ថាបនិកក្រុម Cambodian Top Team លោក ហ៊ុន ចាន់រាជបានចូលរួមជាចំណែកដ៏សំខាន់នៃដំណើរការនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ គេសំគាល់ឃើញថាគាត់ខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការធ្វើអោយកីឡាក្បាច់គុននៅ «ព្រះរាជាណាចក្រអច្ឆរិយៈ»បានល្បីសុះសាយ។

ឥឡូវនេះគាត់ទទួលបានអាសនៈជាអគ្គលេខាធិការនៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា គាត់មានអារម្មណ៍រំភើបត្រេកអរជាអរនេក និងមានសង្ឃឹមខ្ពល់ទៅលើអនាគតកីឡាករនៅក្នុងប្រទេសរបស់គាត់។

គាត់មានប្រសាសន៍ថា៖ «នេះជាជំហានមួយឆ្ពោះទៅរកការអភិវឌ្ឍកីឡាឲ្យមានលក្ខណៈត្រឹមត្រូវ»។ «យើងមានកីឡាករជាច្រើនប៉ុន្តែមិនមានខ្សែបណ្តាញណាសម្រាប់ពួកគាត់បង្ហាញទេពកោសល្យសមត្ថភាពរបស់គាត់សោះ»។ «តែឥឡូវយើងចង់បន្ថែមមួយជំហានទៀតដោយបង្កើតជាសហព័ន្ធសិល្បៈយុទ្ធគុនចម្រុះដើម្បីជួយជ្រំជ្រែងដល់ក្លឹបហ្វឹកហាត់គុនចម្រុះទាំងអស់នៅកម្ពុជា»។

លោកអនុប្រធាន កែបិន សូរស្មី បានមានប្រសាសន៍អំពីសារៈសំខាន់នៃការប្រឹងប្រែងរួមគ្នារបស់ប្រទេសមួយ។ លោកលើកឡើងថា៖ «អ្វីដែលត្រូវធ្វើដំបូង គឺវាយតម្លៃស្ថានភាពមុនសិនថា តើមានក្លិបប៉ុន្មានដែលយើងអាចទុកចិត្តបាន ហើយមានកីឡាករប៉ុន្មាននាក់នៅក្នុងប្រទេសនិងនៅក្រៅប្រទេស»។ «យើងត្រូវតែប្រមូលផ្តុំកំលាំងអោយអស់ដើម្បីខិតខំលើកទង់ជាតិកម្ពុជារបស់យើងអោយខ្ពស់ជាងមុនលើឆាកសិល្បៈក្បាច់គុនចម្រុះយើង។ មានរឿងច្រើនដែលយើងបានឆ្លងកាត់រួចមកហើយ ប៉ុន្តែទាំងអស់គ្នាយើងអាចធ្វើបាន – យើងនឹងធ្វើ -ហើយធ្វើឲ្យកាន់តែល្អ»។

«តាំងពីប្រវត្ដិសាស្ដ្រមក ប្រទេសកម្ពុជាមានសង្គ្រាមជាច្រើនហូហែ ដូច្នោះប្រជាជនខ្មែរយើងក៏បានបង្កើតក្បាច់គុនធំៗ និងមានបែបបទច្រើនខុសៗគ្នា។ សិល្បៈក្បាច់គុនចម្រុះគឺជាទំរង់ក្បាច់មួយដ៏អស្ចារ្យដែលបង្ហាញពីប្រពៃណីនៃក្បាច់ទាំងនោះ»។

ចាប់ពីពេលនេះទៅ កីឡាករប្រដាល់ក្នុងស្រុកនឹងមានគ្រឹះដ៏រឹងមាំមួយ ហើយសហព័ន្ធមានភាពជឿជាក់យ៉ាងមុតមាំថាអនាគតរបស់កីឡាករយើងនឹងមានភាពភ្លឺស្វាង និងរីកចម្រើនជាគ្រិះសំរាប់ក្បាច់គុនចម្រុះទៅថ្ងៃអនាគត។

លោក សូរស្មី បន្ថែមទៀតថា៖ «យើងចង់ឱ្យកីឡាករក្បាច់គុនចម្រុះជំនាន់មុននិងជំនាន់ក្រោយទទួលបានភាពងាយស្រួលជាងមុន ហើយដូច្នោះគាត់នឹងអាចហ្វឹតហាត់បានល្អត្រឹមត្រូវតាមក្បួនខ្នាត»។

«ឥឡូវហ្នឹងយើងនៅតូចហើយក្មេងណាស់ មិនគួរប្រកួតប្រជែង ឬប្រយុទ្ធគ្នាឡើយ។ មានតែត្រូវសាមគ្គីគ្នានិងត្រូវតែរួមគ្នាដើម្បីកសាងសិល្បៈកីឡានេះឱ្យបានជោគជ័យត្រឹមត្រូវ»។