Real Madrid ទទួលបានប្រាក់ចំណូលចំនួន ៨៨,៦លានអឺរ៉ូ (ស្មើនឹង១០០,៧៨លានដុល្លារអាមេរិក) ពីសហព័ន្ធកីឡាបាល់ប្រចាំទ្វីបអឺរ៉ុបហៅកាត់ថា UEFA ក្រោយពីក្លិបយក្សអេស្ប៉ាញមួយនេះ បានឈ្នះពាន European Cup ជាលើកទី១៣ កាលពីរដូវកាលមុន។

UEFA បានផ្តល់ទឹកប្រាក់សរុបចំនួន ១,៤១២ពានលានអឺរ៉ូ ទៅរាល់ក្លិបទាំងអស់ ដែលបានចូលរួមក្នុងក្របខ័ណ្ឌ Champions League វគ្គចែកពូល រដូវកាលឆ្នាំ២០១៧-២០១៨ ក៏ដូចជាក្រុមទាំង១០ ដែលបានធ្លាក់ចេញក្នុងវគ្គ Playoff។ ទឹកប្រាក់នេះ ត្រូវបានផ្តល់ឲ្យដោយផ្អែកទៅលើទម្រង់លេង និងការចំណាយលើការធ្វើទីផ្សារផ្សេងៗ ដែលត្រូវបានកំណត់ដោយតម្លៃនៃទីផ្សារទូរទស្សន៍ក្នុងប្រទេសនីមួយៗ។ ក្រុមជើងឯករង Liverpool បានទទួលប្រាក់ចំនួន ៨១,៣លានអឺរ៉ូ ពោលគឺតិចជាងទឹកប្រាក់ ៨៣,៨លានអឺរ៉ូ ដែលត្រូវបានផ្តល់ឲ្យក្រុមធ្លាក់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Roma ទៅទៀត ស្របពេលដែលក្លិបយក្សអ៊ីតាលី Juventus ទទួលបាន ៨០,១លានអឺរ៉ូ។

Bayern Munich ដែលបានរងបរាជ័យក្រោមស្នាដៃក្រុម Real ក្នុងវគ្គ ៤ក្រុមចុងក្រោយ បានស្ថិតក្នុងចំណាត់ថ្នាក់លេខ ៥នៅលើតារាង ដោយទទួលបាន ៧០,៥លានអឺរ៉ូ។ ក្លិប ដែលធ្លាក់ចេញពីវគ្គចែកពូល ទទួលបានចន្លោះពី ១៧,៤ និង ៤៦,៥លានអឺរ៉ូ ដោយផ្អែកទៅលើលទ្ធផលរបស់ក្រុមទាំងនោះ ខណៈដែលក្រុមដែលចូលក្នុងវគ្គនេះ ទទួលបានយ៉ាងហោចណាស់ ១២,៧លានអឺរ៉ូ។ ក្លិបដែលចាញ់ក្នុងវគ្គ Playoff ទទួលបានប្រាក់តិចបំផុតចំនួន ៣លានអឺរ៉ូ៕
ប្រភព៖ Sport24