ខ្សែប្រយុទ្ធ Mauro Icardi បានស៊ុតបាល់បញ្ចូលទីនៅតង់នីមួយៗ ខណៈដែលក្រុម Inter Milan បានផ្តួលក្រុម Lazio ក្នុងលទ្ធផល ៣-០ ក្រោមដំណក់ទឹកភ្លៀង ក្នុងទីក្រុង Rome កាលពីថ្ងៃចន្ទ ដើម្បីឡើងឈរពីលើក្រុម Napoli ទៅកាន់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុម Juventus នៅលើតារាងក្របខ័ណ្ឌ Serie A។

ប្រធានក្រុមនៃក្រុម Inter រូបនេះ បានរកគ្រាប់បាល់បើកឆាក ក្រោយពីលេងបានរយៈពេល ២៨នាទី ខណៈដែលកីឡាករ Marcelo Brozovic បានបន្ថែមគ្រាប់បាល់ទី២ នៅមុនពេលសម្រាកតង់ទី១។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Icardi បានរកគ្រាប់បាល់ទី៣ ក្រោយពីលេងបាន ៧០នាទី នាកីឡដ្ឋាន Stadio Olimpico ខណៈដែលក្រុម Inter ដែលមាន ២២ពិន្ទុពីការប្រកួត ១០លើក បានឡើងឈរពីលើក្រុម Napoli ដោយសារតែមានគ្រាប់បាល់បញ្ចូលទីច្រើនជាង។ ក្រុម Napoli របស់លោក Carlo Ancelotti បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Roma កាលពីថ្ងៃអាទិត្យ។

Inter និង Napoli សុទ្ធសឹងមាន ៦ពិន្ទុតាមពីក្រោយក្រុម Juventus ដូចគ្នា ដែលបានផ្តួលក្រុម Empoli កាលពីថ្ងៃសៅរ៍ តាមរយៈគ្រាប់បាល់ទាំង ២គ្រាប់បាល់របស់ Cristiano Ronaldo។ ក្រោយពីក្រុមរបស់គេបានកត់ត្រាជ័យជម្នះក្នុងការប្រកួតលីក៦លើកជាប់ៗគ្នា Icardi បានឲ្យដឹងថា៖ «យើងកំពុងតែស្ថិតលើផ្លូវដ៏ត្រឹមត្រូវ»។ វាក៏ជាគ្រាប់បាល់ទី៦ក្នុងក្របខ័ណ្ឌលីករបស់គេផងដែរ នៅរដូវកាលនេះ។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំកំពុងតែស្ថិតក្នុងទម្រង់លេងដ៏ល្អមួយជាមួយនឹងក្រុម Inter។ យើងកំពុងលេងបានយ៉ាងល្អ និងចង់លេងឲ្យបានកាន់តែល្អប្រសើរ»៕
ប្រភព៖ Channel News Asia
Serie A: កីឡាករ Mauro Icardi ស៊ុត២គ្រាប់ដើម្បីជួយឲ្យ Inter ឡើងឈរលេខ២
អត្ថបទទាក់ទង
