ក្លឹបអធិរាជស Real Madrid ជាក្លឹបធំបំផុតនិងមានទ្រព្យសម្បត្តិច្រើនបំផុតមួយក្នុងពិភពបាល់ទាត់ ប៉ុន្តែការចាប់ផ្តើមរដូវកាលថ្មី(២០១៨-២០១៩)នេះ ក្រុមធ្វើមិនបានល្អនោះទេ ខណៈដែលក្លឹបម្ចាស់ជើងឯក Champion League ៣សម័យចុងក្រោយមួយនេះបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Julen Lopetegui ទៅហើយ។ លោក Lopetegui ត្រូវបានក្លឹបយល់ឃើញថាកំសោយក្នុងការដឹកនាំក្លឹប ស្របពេលគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ ត្រូវបានក្លឹបបញ្ចប់កិច្ចសន្យា ក្រោយពីដឹកនាំក្រុម បានតែ ១៤ប្រកួតប៉ុណ្ណោះ ខណៈដែលក្រុមមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដប្រទេសអេស្បាញទើបតែរងបរាជ័យ ១-៥ ក្រោយថ្វីជើងក្លឹប Barcelona នៅថ្ងៃអាទិត្យ ក្នុងជំនួប El-Clasico ។

បច្ចុប្បន្ន Real Madrid កំពុងឈរនៅចំណាត់ថ្នាក់លេខ៩ នៅក្នុងតារាង La Liga ដែលមាន គម្លាតរហូតដល់ទៅ ៧ពិន្ទុ ពីក្រុមកំពូលតារាង Barcelona នៅដើមរដូវកាលនេះ។
ខាងក្រោមនេះគឺជាគ្រូបង្វឹក ៤រូបដែលមានប្រវត្តិដឹកនាំអន់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមគិតពីឆ្នាំ២០០០មក:
១.CARLOS QUEIROZ (មិថុនា ២០០៣ – ឧសភា ២០០៤)

គ្រូបង្វឹកដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញធ្លាប់បានរួមការងារក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹក Alex Ferguson នៅក្លឹប Manchester United លោក Queiroz រូបនេះត្រូវបានReal Madridប្រគល់ភារកិច្ចបន្តវេនពីអតីតគ្រូបង្វឹកលោក Vicente del Bosque នៅឯកីឡាដ្ឋានEstadio Santiago Bernabeu ។ ក្លឹបបានសម្រេចចិត្តចែកផ្លូវគ្នាជាមួយបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ ក្រោយពីដឹកនាំក្លឹប Real Madridឈរនៅចំណាត់ ថ្នាក់លេខបួន ក្នុងក្របខ័ណ្ឌ La Liga និងបរាជ័យក្នុងការប្រកួតវគ្គចែកពូលChampions League ក្នុងរដូវកាលដែលលោកដឹកនាំ។
២.JOSE ANTONIO CAMACHO (ខែឧសភា ២០០៤ ដល់ខែកញ្ញាឆ្នាំ ២០០៤)

លោកCamacho ធ្លាប់បានចាកចេញពីក្លឹប Madrid កំលុងឆ្នាំ១៩៩៨ ប៉ុន្តែ គាត់បានវិលត្រឡប់មកដឹកនាំ ក្លឹបកាលពីឆ្នាំ ២០០៤។អតីតគ្រូបង្វឹករូបនេះធ្លាប់មាន ប្រវត្តិជាកីឡាករReal Madrid ម្នាក់ផងដែរ។ បន្ទាប់ពីការប្រកួតចំនួន ៦ លើក (ឈ្នះ ៤ លើកនិងចាញ់ ២ ដង) គាត់ត្រូវបានក្លឹបបញ្ចប់តួនាទីនិងជាប់ជាគ្រូបង្វឹកដែលដឹកនាំក្រុមរយៈពេលខ្លី គិតចាប់តាំងពីឆ្នាំ ១៩២៩មក ។
៣.RAFAEL BENITEZ (មិថុនា២០១៥- មករា ២០១៦)

ក្រុមអធិរាជសReal Madrid បានតែងតាំងគ្រូបង្វឹកគ្រូបង្វឹកមានកេរ្តិ៍ឈ្មោះនិងជាអតីតគ្រូបង្វឹកValencia,Liverpool លោក Rafael Benitez ហើយសង្ឃឹមថាក្រុមអាច ទទួលបានជោគជ័យក្រោយពីក្លឹបចែកផ្លូវគ្នាជាមួយលោកCarlo Ancelloti ។ ប៉ុន្តែអ្វីៗមិនបានរំពឹងទុកដូចដែលអតីតគ្រូបង្វឹក Zinedine Zidane ធ្លាប់បានជួយក្រុម ឈ្នះពានរង្វាន់Champion League ចំនួនបីឆ្នាំជាប់ៗគ្នានោះទេ។ ក្រោយពីដឹកនាំក្លឹបបានពាក់កណ្តាលរដូវកាលនិងបរាជ័យក្នុងជំនួបEl-Clasico ៤-0 លោកBenitezត្រូវក្លឹបបណ្តេញចេញពីតួនាទីដូចគ្នាផងដែរ។
៤.JULEN LOPETEGUI (មិថុនា ២០១៨ – តុលា ២០១៨)

ពេលវេលារបស់លោកLopetegui បានបញ្ចប់ហើយ បន្ទាប់ពីរូបលោកត្រូវបានក្លឹបបញ្ចប់កិច្ចសន្យាក្រោយដឹកនាំក្រុមបានតែ៥ខែ។ ក្រោយបន្តវេនពីអតីតគ្រូបង្វឹកលោកZinidine Zidaneការដឹកនាំក្រុមដំបូងអតីតគ្រូបង្វឹកក្រុម ជម្រើសជាតិ អេស្បាញរូបនេះគឺ បរាជ័យ ៤-២ ចាញ់ Atletico Madrid នៅក្នុងក្របខ័ណ្ឌ UEFA Super Cup(ពានបើករដូវកាល La liga Santander ) ក្រោយមកទៀត លោកបានរងសម្ពាធខ្លាំង បន្ទាប់ពីមិនអាចដឹកនាំ ក្រុមបានល្អក្រោយការប្រកួតមិន ដែលឈ្នះសោះ៥លើកចុងក្រោយ និង បរាជ័យក្នុងជំនួបEl-Clasico ១:៥ធ្វើអោយរជ្ជកាលនៃការដឹកនាំក្លឹបរបស់ខ្លួន ត្រូវ បានឈានដល់ទីអវសាន្ត។
ប្រភព៖ Besoccer
