លោក Marco Ianni គ្រូបង្វឹកជំនួយរបស់ Chelsea ត្រូវបានពិន័យជាទឹកប្រាក់ ៦០០០ផោន (ស្មើនឹង ៧៦០០ដុល្លារអាមេរិក) ដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) កាលពីថ្ងៃអង្គារ ក្រោយពីការអបអរយ់ាងខ្លាំងរបស់លោកពីមុខលោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Manchester United។

លោក Ianni ដែលមានតួនាទីជាគ្រូបង្វឹកជំនួយម្នាក់របស់លោក Maurizio Sarri អ្នកចាត់ការទូទៅនៃក្រុម Chelsea នោះ បានបង្កើតឲ្យមានជម្លោះនៅលើខ្សែបន្ទាត់ក្បែរទីលានប្រកួត ក្រោយពីបានអបអរគ្រាប់បាល់តាមស្មើរបស់ខ្សែបម្រើ Ross Barkley នៅជិតបញ្ចប់ការប្រកួត ក្នុងពេលក្រុម Chelsea បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Man United នៅកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ។ FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Marco Ianni គ្រូបង្វឹករបស់ Chelsea ត្រូវបានពិន័យជាទឹកប្រាក់៦០០០ផោន ក្រោយពីលោកបានសារភាពពីការចោទប្រកាន់របស់ FA ចំពោះការប្រព្រឹត្តមិនសមរម្យ។ វាបានទាក់ទងនឹងឥរិយាបថរបស់លោកនៅនាទី ទី៩៦នៃការប្រកួតជាមួយយនឹងក្រុម Manchester United កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨»។

FA ក៏បានតឿនរំឭកលោក Mourinho ក្លិប Chelsea និង Man United ផងដែរទាក់ទងនឹងការទទួលខុសត្រូវរបស់ពួកគេ បន្ទាប់ពីការមានហេតុការណ៍ផ្សេងៗ។ លោក Mourinho បានខឹងសម្បាយ៉ាងខ្លាំងចំពោះការអបអររបស់លោក Ianni ពីមុខកៅអីអង្គុយរបស់ Man United ក្រោយពីគ្រាប់បាល់តាមស្មើរបស់ Barkley ដែលនាំឲ្យអតីតគ្រូបង្វឹករបស់ Chelsea រូបនេះ ស្ទុះចេញពីកៅអីអង្គុយ ដើម្បីតម្រង់ទៅកាន់កន្លែងអង្គុយរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនោះវិញ៕

ប្រភព៖ Channel News Asia