លោក Frank Lampard គ្រូបង្វឹករបស់ក្រុម Derby កំពុងតែរីករាយចំពោះការវិលត្រឡប់ជាលើកទី១របស់លោកទៅកាន់ Chelsea ក្នុងនាមជាអ្នកចាត់ការទូទៅម្នាក់ ក្នុងការប្រកួតពាន League Cup នៅរាត្រីនេះ ក្រោយពីបានទម្លាក់ក្រុម Manchester United របស់លោក Jose Mourinho ក្នុងការប្រកួតកាលពីជុំមុន។

លោក Lampard ត្រូវបានចាត់ទុកថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតរបស់ Chelsea ក្រោយពីរកគ្រាប់បាល់បាន ២១១គ្រាប់ និងឈ្នះពានធំៗចំនួន១១ នៅចន្លោះឆ្នាំ២០០១ និង២០១៤ ក្នុងនោះរាប់បញ្ចូលទាំងពាក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ២០១២ និងពានក្របខ័ណ្ឌ Premier League ៣លើកផងដែរ។ នៅមុនពេលការប្រកួតជុំទី៤នៅកីឡដ្ឋាន Stamford Bridge បុរសវ័យ៤០ឆ្នាំរូបនេះបានឲ្យដឹងថា៖ «វាជាការចាប់ឆ្នោតដ៏ពិសេសមួយសម្រាប់ខ្ញុំ ក្នុងការអាចវិលត្រឡប់វិញ និងជួបជាមួយនឹងអ្នកគាំទ្រ និងមនុស្សចំនួន៤០០០០នាក់បូករួមទាំងមិត្តភ័ក្តិផ្សេងៗក្នុងកីឡដ្ឋាននោះ»។

Lampard បានប្រាប់បន្តថា៖ «ខ្ញុំគិតថា ខ្ញុំកាន់តែមានការរំជួលចិត្តជាងមុន ក្នុងពេលខ្ញុំឈានចូលវ័យកាន់តែចាស់។ រឿងទាំងនោះនៅជាប់អ្នកជានិច្ច។ ពីព្រោះអ្នកដឹងពីកម្រិតសំខាន់របស់ Chelsea ក្នុងជីវិតរបស់ខ្ញុំ និងអ្វីដែលខ្ញុំជំពាក់សម្រាប់ពាក្យថា អរគុណ»។ លោក Lampard កំពុងតែជួបពេលវេលាដ៏ល្អជាមួយនឹងក្រុម Derby ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាងក្របខ័ណ្ឌ Championship ដោយដេញតាមពីក្រោយក្រុមកំពូលតារាងត្រឹមតែ៤ពិន្ទុគ់ត។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការងារនៅ Derby គឺជាការងារនៅផ្ទះរបស់ខ្ញុំនៅពេលនេះ ហើយខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយនឹងក្លិបនេះរួចជាស្រេច។ ខ្ញុំកំពុងតែខិតខំព្យាយាមធ្វើរឿងដ៏ល្អនៅទីនេះ ហើយខ្ញុំស្រឡាញ់វា»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ Straits Times