តារាឆ្នើមរបស់ក្លឹប Real Madrid បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេដែលមានបំណង់ចង់បានអ្នកចាត់ការទូទៅថ្មីដើម្បីមកដឹកនាំតួនាទីបង្វឹកពួកគេ នៅកីឡាដ្ឋាន Estadio Santiago Bernabeu នៅពេលដែលលោក Julen Lopetegui ត្រូវបានក្រុមបញ្ចប់តួនាទីកាលពីថ្ងៃអង្គារម្សិលមិញនេះ។ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Lopetegui បានក្លាយជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកមួយចំនួនរបស់ក្រុមនាពេលកន្លងមក ដែលដឹកនាំក្រុមមិនបានល្អ ខណៈពេលបច្ចុប្បន្នក្រុមឈរនៅចំណាត់ថ្នាក់ទី៩ ក្នុងក្របខណ្ឌ La Liga រដូវកាលនេះ។

សម្រាប់ Sergio Ramos, Gareth Bale និងមិត្តរួមក្រុមភាគច្រើននៅក្នុងក្រុម សុទ្ធតែបានបញ្ចញមតិតលើកឡើង របស់ពួកគេនោះគឺការចង់ជួបជុំជាមួយអតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុមទទួលជោគជ័យកន្លងមកនោះគឺ Zinedine Zidane។ គួររំលឹកថាអ្នកចាត់ការទូទៅសញ្ជាតិបារាំង Zidane បានចាកចេញកាលពីខែឧសភាបន្ទាប់ពីបានជួយក្រុមឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ៣លើកចុងក្រោយជាប់ៗគ្នា ប៉ុន្តែគ្រូបង្វឹកដ៏ជោគជ័យរូបនេះបានលើកឡើងពីហេតុផលចាកចេញរបស់លោកថា: ជាតម្រូវការផ្លាស់ប្តូររបស់ក្លិប។

ក្រុមអធិរាជស Real Madrid បានបរាជ័យ ៥ដងក្រោមស្នាដៃក្រុម Sevilla, Alaves, Levante និង Barcelona ជាមួយនឹងការខកចិត្តយ៉ាងខ្លាំងចំពោះ CSKA Moscow នៅក្នុងក្របខ័ណ្ឌ Champions Leagu ក្នុងចំណោម ៧ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតគ្រប់ក្របខណ្ឌទាំងអស់និងឈ្នះម្តងគត់។ ប៉ុន្តែអ្វីដែលក្រុមអស់ភាពអត់ធ្មត់នោះគឺបរាជ័យដ៏គួរឱ្យអាម៉ាស់១:៥ ក្នុងដៃរបស់ក្រុម Barcelona ក្នុងការប្រកួត El Clasico កាលពីថ្ងៃអាទិត្យ បានធ្វើអោយក្លឹបសម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Lepetegui ជាផ្លូវការណ៏ ។

ទោះបីជាមានមតិស្របលើកឡើងចេញពីកូនក្រុមបែបនេះក្តី សម្រាប់ប្រធានក្លឹបលោក​ Florentino Perez មិនបានចាប់ អារម្មណ៏និងចង់វិលមកជួបជុំជាមួយ Zidane ឡើងវិញទេ ប៉ុន្តែក្រុមក៏រំពឹងថា លោក Perez និងមិនបដិសេធចំពោះវិលត្រលប់របស់អតីតគ្រូបង្វឹកឆ្នើមរបស់ខ្លួននោះដែរ។ ស្របពេលក្លឹបកំពុងពិចារណាលើបេក្ខភាពអ្នកចាត់ការទូទៅក្រុមជម្រើសជាតិបែលហ្សិកលោក Roberto Martinez ដែលបានដឹកនាំក្រុមបែលហ្សិកទទួលចំណាត់ថ្នាក់លេខ៣ពានរង្វាន់ World Cup មកបន្តកិច្ចការងារពីលោក​ Lopetegui។ សម្រាប់លោក Zidane ដែលកំពុងស្ថិតនៅក្នុងភាពទំនេរគ្មានក្លឹបដឹកនាំមួយរយៈកាលចុងក្រោយនេះក៏មានពត៌មានពី ការលើកឡើងជាបេក្ខភាពឈានមុខគេដែលក្រុម Man.United អាចនិងយកមកជំនួសគ្រូបង្វឹក Jose Mourinho ផងដែរនោះ។

ប្រភព៖​ Mirror