ក្រុម Juventus កំពុងរៀបចំផែនការដើម្បីចុះហត្ថលេខានាំយក James Rodriguez មកកាន់ទីក្រុងទូរីនគោលបំណងដើម្បី ជុំជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldo។ ខ្សែបម្រើ-ប្រយុទ្ធកូឡុំប៊ីមានវ័យ ២៧ឆ្នាំរូបនេះត្រូវបានក្លឹបយក្ស Bayern Munich ខ្ចីជើងពីក្រុមអធិរាជស Real Madrid ចាប់តាំងពីរដូវក្តៅ២០១៧ មកម្ល៉េះ(២រដូវកាល)ប៉ុន្តែអ្វីៗអាចនឹងមានការផ្លាស់ប្តូរ ក្នុងខែមករា ២០១៩ ខាងមុខប្រសិនក្រុម Juventus នៅតែមានមហិច្ឆតាចង់ផ្ទេរយករូបគេនៅពាក់កណ្តាលរដូវកាល។

កាសែតអាល្លឺម៉ង់ SportBild បានចុះផ្សាយថា: James ចង់ចាកចេញពីក្លឹបជើងឯក Bundesliga អាឡឺម៉ង់ ក្នុងខែមករាដើម្បីវិលត្រឡប់ទៅលេងនៅក្របខណ្ឌ La Liga ឬអាចផ្លាស់ប្តូរជាអចិន្រ្តៃយ៍ទៅកាន់ក្លឹបទី៣ ខណៈដែល James ត្រូវបានក្លឹប Juventus ផ្តល់ឱកាសជាច្រើនកន្លងមកប៉ុន្តែពេលនេះក្រុមជើងឯក Serie A បានបង្ហាញចេតនានេះកាន់តែខ្លាំងឡើង ស្រប ពេលលោក Jorge Mendes គឺជាភ្នាក់ងាររបស់កីឡាករទាំងពីររូប (James និង Ronaldo) ដែលជាបុគ្គល សំខាន់ក្នុងការ ផ្ទេរយក ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់មកលេងនៅ Juventus ពីក្លិប Real Madrid ក្នុងតម្លៃ ១០០លានផោនកាលពីរដូវក្តៅ។ SportBild បន្តថាៈ Mendes ចង់ចរចារជាមួយក្លឹប Bayern អំពីការផ្ទេរយក James នៅខែធ្នូ ប៉ុន្តែក្រុម Bayern ត្រូវបានគេជឿថាមិនមានបំណងចង់អោយតារាកំពុងឡើងជើងរូបនេះចាកចេញពីក្រុមនៅពាក់កណ្តាលរដូវកាលទេ។

ដូច្នេះ Juventus ធ្លាប់តែមានទំនាក់ទំនងដ៏ល្អជាមួយ Mendes អាចនិងមានឪកាសច្រើនក្នុងការបញ្ចុះបញ្ចូលចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្បែកជើងមាស James ក្នុងនាមកីឡាករ ស៊ុតបញ្ចូលទីដ៏លេចធ្លោជាមួយនឹងការលេងដ៏អស្ចារ្យនៅ ក្នុងព្រឹត្តិការណ៍ World Cup ២០១៤ នៅប្រេស៊ីលកន្លងមកនោះ ខណៈពេលបច្ចុប្បន្នក្រោយបង្ហាញខ្លួនបាន ៤៩ប្រកួត James រកគ្រាប់បាល់អោយក្រុម Bayern Munich បាន ១១គ្រាប់ហើយ។ បច្ចុប្បន្នក្រុម Juventus មានកីឡាករ Ronaldo, Paulo Dybala, កីឡាករ Juan Cuadrado, ខ្សែប្រយុទ្ធ Mario Mandzukic, កីឡាករ Douglas Costa និងកីឡាករ Federico Bernardeschi ដែលកំពុងប្រជែងគ្នាដណ្តើមជម្រើស ១១នាក់ដំបូងជាអចិន្រ្តៃយ៏នៅតំបន់បម្រើ-ប្រយុទ្ធ។

ប្រភព៖ Dailymail
សេះបង្កង់ Juventus ចង់នាំយកអតីតមិត្តរួមក្រុម Ronaldo មកលេងចាប់ដៃគូសាជាថ្មីវិញ
អត្ថបទទាក់ទង
