ខ្សែបម្រើដ៏មានឥទ្ធិពល Kevin De Bruyne បានរងរបួសដ៏គួរឲ្យព្រួយបារម្ផ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City បានឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន League Cup តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Fulham កាលពីថ្ងៃព្រហស្បតិ៍។

កង្វល់ផ្សេងៗបានកើតទៅលើ De Bruyne ក្រោយពីខ្សែបម្រើរូបនេះ បានដើរចេញពីទីលានទាំងមានរបួស ដែលអាចជារបួសជង្គង់ នៅជិតបញ្ចប់ការប្រកួត។ De Bruyne វ័យ ២៧ឆ្នាំ ទើបតែបានវិលត្រឡប់ពីបរបួសជង្គង់មួយផ្សេងទៀតកាលពីពេលថ្មីៗ ខណៈដែលបញ្ហារបួសនេះ បានបង្ខំឲ្យរូបគេអវត្តមានអស់រយៈពេល ២ខែនៅរដូវកាលនេះ ដែលនាំឲ្យរូបគេបានបង្ហាញខ្លួនត្រឹមតែ ៥លើកគត់មកទល់ពេលនេះ។ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City សង្ឃឹមថា តារាឆ្នើមអន្តរជាតិបែលហ្ស៊ិកដ៏មានឥទ្ធិពលរូបនេះ អាចជាសះស្បើយឆាប់រហ័ស ខណៈដែលពួកគេត្រូវជួបកម្មវិធីប្រកួតដ៏មមាញឹក ក្នុងរាប់បញ្ចូលទាំងការប្រកួតក្របខ័ណ្ឌ Champions League និងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Manchester តែមួយផងដែរ។

លោក Guardiola បានបញ្ជាក់ថា៖ «រូបគេកំពុងទទួលការពិនិត្យដោយគ្រូពេទ្យ។ នៅពេលនេះ ខ្ញុំមិនដឹងថា វាមិនមានអ្វីធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរឡើយ»។ មុនពេលរងរបួស លោក Guardiola មានអារម្មណ៍ថា វាជាការបង្ហាញពីទម្រង់លេងដ៏ពេញលេញមួយនៃការវិលត្រឡប់របស់ De Bruyne ប៉ុន្តែ បច្ចុប្បន្ន លោកត្រូវតែបារម្ភពីភាពរឹងមាំរបស់គេម្តងទៀត៕
ក្រុម Manchester City ទៅវគ្គបន្តនៃ League Cup ប៉ុន្តែ Kevin De Bruyne អាចរបួសធ្ងន់(វិដេអូ)
អត្ថបទទាក់ទង
