ក្របខ័ណ្ឌ Major League Soccer ដែលជាការប្រកួតជ្រើសរើសយកក្រុមជើងឯកបាល់ទាត់កំពូលក្នុងស្រុករបស់អាមេរិកកំពុងក្លាយជាគោលដៅដ៏គួរឱ្យទាក់ទាញសម្រាប់កីឡាករមានសមត្ថភាពមួយចំនួនពិសេសកីឡាករដែលមានវ័យចាប់ពីក្បែរ ៣០ឆ្នាំឡើងទៅ។ ក៏ដូចជាការលើកកំពស់កម្រិតនៃការលេងឱ្យប្រសើរឡើងក្លឹបមានឆន្ទៈក្នុងការផ្តល់កិច្ចសន្យាដ៏ធំមួយជាមួយប្រាក់ឈ្នួលថ្លៃគួរសមដើម្បីនាំកីឡាករមានជំនាញមករួមក្រុម។ ខាងក្រោមនេះគឺជាកីឡាករបាល់ទាត់ ៦រូបដែលមាន ប្រាក់ឈ្នួលថ្លៃបំផុតនៅក្របខណ្ឌកំពូលដែលមានក្លឹបមកពីប្រទេសអាមេរិក និងកាណាដាចូលរួមប្រកួតដណ្តើមពាននេះ:

១. David Villa

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្បាញ និង Barcelona វ័យ ៣៧ឆ្នាំរូបនេះ បានផ្លាស់មកលេងអោយក្រុម New York City នៅឆ្នាំ២០១៤ បច្ចុប្បន្នរូបគេទទួលបានប្រាក់ឈ្នួល ៥.៤លានដុល្លា/១ឆ្នាំ។

២. Giovanni Dos Santos

ខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិមិកស៊ិកកូមានវ័យ ២៩ឆ្នាំរូបនេះ បានផ្ទេរពីក្រុម Villareal មក LA Galaxy នៅឆ្នាំ២០១៥ បច្ចុប្បន្នកីឡាកររូបនេះទទួលបានប្រាក់ឈ្នួល ៥.៨លានដុល្លា/១ឆ្នាំ។

៣. Bastian Schweinsteiger

ខ្សែបម្រើដែលជួយអោយក្រុមជម្រើសជាតិអាឡឺំម៉ង់លើកពាន World Cup ២០១៤ វ័យ ៣៤ឆ្នាំរូបនេះ បានក្លាយជាកីឡាករបម្រុងក្រោយពីលោក Jose Mourinho ដឹកនាំក្រុម ហើយអតីតកីឡាករក្រុម Bayern Munich រូបនេះ បានសម្រេចចិត្តផ្ទេរចេញដោយគ្មានតម្លៃខ្លួនមកលេងអោយក្រុម Chicago Fire កាលពីឆ្នាំ២០១៧។ បច្ចុប្បន្ន Schweinsteiger ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំគឺ ៥.៩លានដុល្លា។

៤. Carlos Vela

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិមិកស៊ិកវ័យ ២៩ឆ្នាំរូបនេះ បានផ្ទេរពីក្រុម Real Sociedad មកលេងអោយ Los Angeles FC នៅឆ្នាំ២០១៨ នេះ និងទទួលបានប្រាក់ឈ្នួលគឺ ៦.១លានដុល្លា/ឆ្នាំ។

៥. Michael Bradley

ខ្សែបម្រើ-ការពារក្រុមអន្តរជាតិអាមេរិករូបនេះបច្ចុប្បន្នកំពុងលេងអោយក្រុម Toronto FC ក្រោយផ្ទេរពីក្រុម Roma មកនៅឆ្នាំ២០១៤ និងទទួលបានប្រាក់ពលកម្មនឿយហត់ប្រមាណ​៦.៣លានដុល្លា/ឆ្នាំ។

៦. Sebastian Giovinco

កីឡាករអន្តរជាតិអ៊ីតាលីវ័យ៣១ឆ្នាំរូបនេះជាអតីតខ្សែបម្រើ-ប្រយុទ្ធក្រុមJuventus បានផ្លាស់មកលេងអោយក្រុមToronto FCនៅឆ្នាំ២០១៤ ជាមួយនិងប្រាក់ឈ្នួលពលកម្មគឺ៦.៩លានដុល្លា/ឆ្នាំ។

ប្រភព៖ besoccer