ការប្រកួតនៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់កាលយប់ថ្ងៃសៅរ៏ ឈានចូលថ្ងៃអាទិត្យរវាងក្រុមម្ចាស់ផ្ទះគឺកំពូលតារាង Dormund និងក្រុមភ្ញៀវឈរនៅលេខរៀងទី៣ គឺ Bayern munich បញ្ចប់លទ្ធផល Dortmund ៣:២ Bayern Munich។

២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករកី Robert Lewandowski ជួយអោយក្រុមការពារតំណែងជើងឯក Bundesliga នាំមុខមុននៅនាទីទី២៦ និង ៥២ ប្រឆាំងនឹងក្លឹបចាស់របស់ខ្លួន ខណៈដែលក្រុម Dormund ធ្វើការវាយបក ទទួលជ័យជំនះវិញ ដោយកីឡាករខ្សែបម្រើអាឡឺម៉ង់ Marcos Reus នៅនាទីទី៤៩(បាល់ពិន័យ១១ម៉ែត្រ)ក្រោយប៉ះទង្គិចជាមួយអ្នកចាំទី Manuel Neuer និង ៦៧ អោយវាយបកតាមស្មើ ខណៈដែលខ្សែប្រយុទ្ធអេស៉្បាញ Parco Alacer ខ្ចីជើងពីក្រុម Barcelona រកបានគ្រាប់បាល់ទី៣ ដើម្បីធ្វើការនាំមុខវិញនិងជាជ័យជំនះសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទីទី៧៣។

ក្រុម Bayern Munich ដែលជាម្ចាស់ជើងឯកនៃប្រទេសអាឡឺម៉ង់សម្រាប់រយៈពេល ៦រដូវកាលចុងក្រោយនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដដែល និងមានគម្លាត ៧ពិន្ទុពីក្រុមលេខ១ Dortmund ក្នុងតារាងក្របខ័ណ្ឌ Bundesliga បន្ទាប់ពី ១១ប្រកួតមិនទាន់ស្គាល់បរាជ័យក្រោមការដឹកនាំរបស់លោក Lucien Favre ។ ក្រុម Dormund បានបង្ហាញមហិច្ឆតារបស់ខ្លួនចង់ឈ្នះពានរង្វាន់លីកកំពូល Bundesliga នេះក្រោយខកខានចាប់តាំងពីឆ្នាំ ២០១២ មក។ ការប្រកួតនេះគឺក្រុម Dormund ធ្វើការសងសឹកវិញបានដោយជោគជ័យ ក្រោយជំនួបចុងក្រោយកាលពីខែមិនា Bayern Munich បានលត់ Dortmund ក្នុងលទ្ធផលរហូតដល់ទៅ ៦:០ ឯណោះ។
ប្រភព៖ BBC
Reus និង Alcacer ជួយ Dormund វាយបកផ្តួល Bayern Munich ដើម្បីបន្តឈរកំពូលតារាង
អត្ថបទទាក់ទង
