Samir Nasri បានឆ្លងកាត់ការពិនិត្យសុខភាពនៅក្លឹបញញួរធំ West Ham មុនពេលផ្ទេរទៅកាន់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង London ជាផ្លូវការណ៏។ Nasri ត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមការហ្វឹកហាត់ត្រៀមចាប់អាជីពបាល់ទាត់ជាថ្មីម្តងទៀតនៅខែនេះបន្ទាប់ពីបានបញ្ចប់ពិន័យការហាមឃាត់ករណីប្រើសារធាតុហាមឃាត់រយៈពេល ១៨ខែ។

អតីតកីឡាករក្លឹប Arsenal និង Manchester City វ័យ ៣១ឆ្នាំនឹងចូលរួមជាមួយក្រុម Hammers សម្រាប់រយៈពេល ៦ខែដំបូងជាមួយនឹងជម្រើសបន្តកិច្ចសន្យាប្រសិនរូបគេលេងបានល្អ។ Nasri និងអាចចូលលេងបានគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ជាមួយនិងការវិលត្រលប់មកជួបជុំគ្នាសារជាថ្មីជាមួយអតីតគ្រូបង្វឹក Man.City លោក Manuel Pellegrini បច្ចុប្បន្នជាគ្រូបង្វឹក West Ham United នោះ។
រយៈកាលកន្លងទៅ Nasri ធ្លាប់បានលេងឱ្យក្រុមទួរគី Antalyaspor ប៉ុន្តែកិច្ចសន្យារបស់គេបានបញ្ចប់នៅថ្ងៃទី៣១ ខែមករា កន្លងមក។ មួយខែក្រោយមកខ្សែបម្រើ-ប្រយុទ្ធបារាំងរូបនេះត្រូវហាមឃាត់និងដាក់ពិន័យ ៦ខែបន្ទាប់ពីការរកឃើញការប្រើប្រាស់សារធាតុហាមឃាត់គឺការចាក់បង្ហូរថ្នាំតាមសរសៃឈាមដើម្បីប៉ូវកំលាំងហាមឃាត់ដែលប្រឆាំងនឹងច្បាប់ប្រឆាំងគ្រឿងញៀនពិភពលោក(Wada)ត្រូវបានរកឃើញដោយក្រុមស៊ើបអង្កេតប្រឆាំងគ្រឿងញៀនអេស្ប៉ាញ។

ស្រដៀងគ្នានេះដែរកំលុងឆ្នាំ២០១៦ កំឡុងពេលលេងអោយក្រុម Sevilla ក្នុងលក្ខណ្ឌខ្ចីជើងពីក្រុម Man.City Nasri ក៏ធ្លាប់មានរឿងអាស្រូវប្រើប្រាស់សារធាតុលើកកំលាំងដែលច្បាប់មិនអនុញ្ញាតិផងដែរ។ ក្រោយមកនៅខែកុម្ភៈ ឆ្នាំ២០១៧ ក្លឹប Sevilla មានការស្នើសុំសម្រាប់ការលើកលែងចំពោះការប្រើប្រាស់ថ្នាំ(TUE) សម្រាប់ Nasri ត្រូវបានបដិសេធដោយ UEFA ហើយធ្វើការសម្រេចចិត្តតម្កល់ទុកដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា។
កីឡាករសម្បូររឿងអាស្រូវរូបនេះធ្លាប់បានបង្ហាញខ្លួន ២១៥ប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League កំលុងពេលលេងអោយ Arsenal ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ មុនពេលផ្លាស់ទៅកាន់ក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃ ២៥លានផោនមុនពេលត្រូវ Sevilla ខ្ចីជើងនៅរដូវកាល(២០១៦-២០១៧) មុនពេលផ្ទេរទៅលេងនៅក្លឹបតួគី Antalyaspor។

ប្រភព៖ BBC
