ក្រុម Manchester City បានកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Liverpool នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League មកនៅត្រឹម៧ពិន្ទុ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Southampton។
ស្របពេលជាមួយគ្នានេះ ខ្សែបម្រើ Paul Pogba បានបង្ហាញថ្វីជើងម្តងទៀតសម្រាប់ក្រុម Manchester United របស់លោក Ole Gunnar Solskjaer តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Bournemouth ៤-១ កាលពីថ្ងៃអាទិត្យ។ ការរងបរាជ័យដ៏មិននឹកស្មានដល់ចំនួន៣លើកជាប់ៗគ្នារបស់ក្រុម Man City ក្នុងការប្រកួតក្របខ័ណ្ឌលីក៤លើក បានអនុញ្ញាតឲ្យក្រុមមិនស្គាល់ចាញ់ Liverpool ស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានជាលើកទី១របស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៩០ ខណៈដែលក្រុមដែលក្រុមទាំង២ នឹងត្រូវជួបគ្នានាកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃព្រហស្បតិ៍។
ប៉ុន្តែ ក្រោយពីក្រុមរបស់លោក Jurgen Klopp បានលត់ក្រុម Arsenal យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ កាលពីថ្ងៃសៅរ៍ ដើម្បីបន្ថែមការនាំមុខដល់ទៅ១០ពិន្ទុនោះ ក្រុមម្ចាស់ការពារតំណែងជើងឯក បានឆ្លើយតបវិញ បើទោះបីជួបការភិតភ័យនៅដើមតង់ក្នុងការប្រកួតនៅកីឡដ្ឋាន St Mary’s ក៏ដោយ។ លោក Pep Guardiola គ្រូបង្វឹកនៃក្រុម Man City បានឲ្យដឹងថា៖ «យើងបានដឹងយ៉ាងច្បាស់ជាមួយនឹងទីតាំងរបស់ក្រុម Liverpool ហើយប្រសិនបើយើងបាត់បង់ពិន្ទុ នោះវានឹងបញ្ចប់ការប្រជែងពាន វានឹងបញ្ចប់។ វានឹងក្លាយជារឿងស្ទើរតែមិនអាចទៅរួច។ ពិតណាស់ ពួកគេនឹងបាត់បង់ពិន្ទុ ប៉ុន្តែមិនច្រើនពេកឡើយ»៕
ប្រភព៖ Channel News Asia