ក្រុម Schalke កំពុងតែទទួលយកតួនាទីក្នុងនាមជាក្រុមមានក្តីសង្ឃឹមតិចតួចក្នុងការឈ្នះសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Manchester City នៅរាត្រីនេះ ខណៈដែលក្រុមធ្លាក់ចុះទម្រង់លេងរបស់ក្របខ័ណ្ឌ Bundesliga មួយនេះ សន្យាថា នឹងមិនលើកទង់ជ័យសឡើយ នៅពេលជួបក្រុមម្ចាស់ជើងឯករបស់ Premier League។
ក្រុម Schalke បានខកខានក្នុងការដណ្តើមបានជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌលីក ៤លើកចុងក្រោយរបស់ពួកគេ ដោយនាំឲ្យស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ នៅលើតារាង Bundesliga ហើយពួកគេកំពុងតែជួបវិបត្តិលើការរកគ្រាប់បាល់បញ្ចូលទីផងដែរ។ ផ្ទុយទៅវិញ ក្រុម Man City ឈានដល់កម្រិតលេងដ៏កំពូល និងត្រូវបានចាត់ទុកដោយគ្រូបង្វឹកនៃក្រុម Chelsea លោក Maurizio Sarri ថា ជាក្រុមដ៏ខ្លាំងបំផុតប្រចាំទ្វីបអឺរ៉ុប ក្រោយពីពួកគេបានលត់ក្រុមរបស់លោកក្នុងលទ្ធផល ៦-០ កាលពី១០ថ្ងៃមុន។
ប៉ុន្តែ ក្រុម Schalke បញ្ជាក់ថា ពួកគេនឹងមិនផ្តល់ភាពងាយស្រួលក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នាកីឡដ្ឋាន Veltins Arena ឡើយ។ ក្រោយពីវិលចូលប្រកួតវិញពីរបួស ខ្សែប្រយុទ្ធ Guido Bergstaller របស់ក្រុម Schalke បានឲ្យដឹងថា៖ «ក្រុមខ្លាំងបំផុតនៅអឺរ៉ុបនៅពេលនេះ នឹងធ្វើដំណើរមក ប៉ុន្តែ យើងនឹងមិនលើកទង់សឡើយ»។ លោក Domenico Tedesco ដែលជាគ្រូបង្វឹក បានបញ្ជាក់ថា ក្រុម Schalke មិនមានហេតុផលអ្វីត្រូវចាញ់ឡើយ។ លោក Tedesco វ័យ៣៣ឆ្នាំ បានឲ្យដឹងថា៖ «វាគឺជាការប្រកួតក្របខ័ណ្ឌ Champions League វគ្គចាញ់ធ្លាក់ដ៏សំខាន់មួយជាមួយនឹងក្រុមមួយដែលជាក្រុមដ៏ខ្លាំងបំផុតក្នុងពិភពលោក។ យើងបានខិតខំព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីអាចលេងក្នុងការប្រកួតបែបនេះ និងជួបភាពរីករាយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕
អត្ថបទ៖ Cambosport
ប្រភព៖ Sport24