Raheem Sterling បានបំពេញការទទួលជ័យជម្នះក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League សម្រាប់ក្រុម Manchester City នៅលើទឹកដីក្រុម Schalke កាលពីថ្ងៃពុធ ខណៈដែលក្រុមម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះ បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងរយៈពេល ៥នាទីចុងក្រោយ។

Sterling រកបានគ្រាប់បាល់ឈ្នះនាកីឡដ្ឋាន Veltins Arena នៅនាទីទី៩០ ក្រោយពីខ្សែបម្រើស្លាប Leroy Sane បានស៊ុតបាល់បំប៉ោងសំណាញ់ទីតាមរយៈការពិន័យបាល់ Free-kick សម្រាប់ក្រុមកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ នៅពេលប្រកួតជាមួយនឹងអតីតក្រុមរបស់គេ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជើងទី១។ ក្រោយពីការរកបានគ្រាប់បាល់តាមស្មើរបស់គេ Sane បានប្រាប់ទូរទស្សន៍ DAZN ទាំងរីករាយថា៖ «ខ្ញុំបានរង់ចាំឱកាសរបស់ខ្ញុំ និងចង់ស៊ុតបាល់ពីទីនោះ ខណៈដែលខ្ញុំធ្លាប់បានស៊ុតបាល់បញ្ចូលទីពីទីតាំងនោះ ហើយវាបានរក្សាការជឿជាក់របស់យើង»។

ក្រុម Schalke បាននាំមុខក្នុងលទ្ធផល ២-១ នៅត្រឹមតង់ទី១ ខណៈដែលប្រព័ន្ធជំនួយការអាជ្ញាកណ្តាលហៅកាត់ថា VAR បានធ្វើអន្តរាគមន៍ ២លើក ដើម្បីផ្តល់បាល់ពិន័យប៉េណាល់ទី ដោយកីឡាករ Nabil Bentaleb បានស៊ុតបាល់បញ្ចូលទីទាំង ២លើកនោះ ដើម្បីលុបចោលគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Sergio Aguero នៅទីក្រុង Gelsenkirchen។ Man City បានស្ថិតក្នុងគ្រោះថ្នាក់ក្នុងរយៈពេល ២២នាទីចុងក្រោយ នៅពេលដែលខ្សែការពារ Nicolas Otamendi ដែលបានប្រព្រឹត្តកំហុស នាំឲ្យមានគ្រាប់បាល់ប៉េណាល់ទីទី១នោះ បានរងពិន័យកាតក្រហមសម្រាប់ការទទួលកាតលឿងជាលើកទី២ នៅមុនពេលការរកបានគ្រាប់បាល់ដ៏ល្អរបស់ Sane និងគ្រាប់បាល់ឈ្នះរបស់ Sterling។

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Man City បានឲ្យដឹងថា៖ «យើងនឹងមិនឈានទៅវគ្គបន្តក្នុងយុទ្ធនាការនេះឡើយ ប្រសិនបើយើងមិនកែសម្រួលការលេងឲ្យបានល្អប្រសើរ។ ទីបំផុត Sane និង Sterling បានបង្កើតឲ្យមានការប្រែប្រួល»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia