ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid បានត្រៀមលក្ខណៈរួចរាល់ក្នុងការដាក់តម្លៃខ្លួនប្រមាណ ១៣១លានផោនដើម្បីលក់ Gareth Bale ចេញពីក្រុមទោះបីជាមានពត៌មានរបស់ក្លឹបទាក់ទងនិងការចង់នាំយក Eden Hazard ពីក្លឹប Chelsea ត្រលប់មកជំនួសវិញក៏ដោយ។
យោងគេហទំព័រ The Sun បានឱ្យដឹងថា Gareth Bale មិនអាចសម្រេចក្តីសុបិន្តរបស់ខ្លួនដែលចង់ផ្លាស់ទៅកាន់ក្លឹប Manchester United បានទេប្រសិនបើ Real Madrid ដែលជាអាណាព្យាបាលរូបគេចង់លក់កីឡាករអន្តរជាតិវេលរូបនេះ នៅរដូវក្តៅទៅឱ្យក្រុម Chelsea វិញនោះ។ ក្រុម Man United បានកោតសរសើរសមត្ថភាពនិងសម្តែងការចង់ចុះហត្ថលេខាកីឡាករខ្សែប្រយុទ្ធ-ស្លាប Bale ជាយូរមកហើយពោលគឺចាប់តាំងពីមុនរូបគេផ្ទេរពី Tottenham ទៅ Real Madrid ក្នុងឆ្នាំ២០១៣ ក្នុងតម្លៃ ៨៦លានផោនមកម្លេះ។
ក្រុម Real Madrid មានបំណងចង់ចរចារជាមួយក្រុម Chelsea គោលបំណងគឺ ការចិញ្ចឹមចិត្តចង់បើកផ្លូវជាថ្នូរនិងការផ្លាស់ប្តូរ Eden Hazard មកកាន់ទឹកដី Estadio Santiago Bernabeu នៅរដូវក្តៅខាងមុខ។ Bale បច្ចុប្បន្នបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាឆ្អឺងខ្នងសម្រាប់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបបន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ទៅកាន់ក្រុម Juventus កាលពីឆ្នាំមុនមកនោះ។
អត្ថបទ៖ Cambosport
ប្រភព៖ thesun