ខ្សែបម្រើ Mateo Kovacic របស់ក្រុម Chelssea មានអារម្មណ៏រីករាយសម្រាប់រដូវកាលដំបូងរបស់ខ្លួននៅ Chelsea និងបានប្រាប់ថ្នាក់ដឹកនាំក្លឹប Real Madrid ថារូបគេចង់បន្តកិច្ចការងារនៅកីឡាដ្ឋាន Stamford Bridge ជាអចិន្រ្តៃយ៍។ ខ្សែបម្រើរូបនេះបច្ចុប្បន្នកំពុងតែលេងក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលវែងនៅក្លឹបក្របខ័ណ្ឌ Premier League ពីក្រុម Real Madrid។ គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងចំណោមខ្សែបំរើដែលគ្រូបង្វឹកលោក Maurizio Sarri ដាក់អោយមានវត្តមានក្នុងការប្រកួត ២៤លើកនៅក្របខ័ណ្ឌ Premier League នាពេលកន្លងមក ។

គ្រូបង្វឹកអ៊ីតាលី Sarri រូបនេះបានដាក់ព្យាយាមដាក់ Kovacic អោយលេងចាប់ដៃគូគ្នាជាមួយនឹងកីឡាករទើបចុះហត្ថលេខានៅរដូវក្តៅ Jorginho និង N’Golo Kante បើទោះបីជាមានចំនុចខ្វះខាតមួយចំនួនសម្រាប់ Chelsea នៅតំបន់បម្រើកណ្តាលក្តី ប៉ុន្តែអតីតកីឡាករក្រុមInter Milanរូបនេះបានទទួលការរីកចំរើនគួរកត់សម្គាល់ ។កាលពីរដូវកាលមុនរូបគេបានខិតខំស្វែងរកតួនាទីជម្រើស១១នាក់ដំបូងជាប់លាប់នៅក្នុងក្រុមអធិរាជសReal Madridរឺ Los Blancos ប៉ុន្តែមិនអាចប្រជែងឈ្នះតួនាទីខ្សែបម្រើពីររូបគេ Toni Kroos និង Luka Modric ដែលមានស្រាប់ ។

យោងគេហទំព័រ El Chiringuito បានចុះផ្សាយថា Kovacic ចង់បន្តអាជីពរបស់គាត់ជាមួយក្រុម Chelsea នៅរដូវកាលថ្មីបន្តទៀត។ទោះបីជាយ៉ាងណា អ្វីទាំងអស់គឺអាស្រ័យទៅលើ ក្រុមតោខៀវ Chelsea ថានិងបន្តតំណែងសម្រាប់លោក Sarri ជាគ្រូបង្វឹកទៀតរឺបែបណាស្របពេលតួនាទីរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះកំពុងប្រឈមការបាត់បង់ក្រោយពីដឹកនាំក្រុមបរាជ័យចាញ់ក្រុម Bournemouth និងក្រុម Manchester City ក្នុងលទ្ធផលគួរភ្ញាក់ផ្អើល។

លោក Sarri ទំនងជានៅទទួលខុសត្រូវសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ League Cup រឺ Carabao Cup នៅ ថ្ងៃអាទិត្យខាងមុខជាមួយក្រុម Man.City ដែលដឹកនាំដោយលោក Pep Guardiola ប៉ុន្តែប្រសិនជាប្រឈមនិងការបរាជ័យខកខានឪកាសលើកពានមួយនេះ ទៀតនោះអាចជាការ កំនត់នៅជោគវាសនារបស់អតីតគ្រូបង្វឹក Napoli រូបនេះហើយ។